ដំណឹង​ល្អ! ​កម្ពុជា​បាន​សិទ្ធិ​ផលិត​វ៉ាក់សាំង​កូវីដ១៩​ហើយ​

80

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះថា «យើងបានទទួលសិទ្ធិ ដោយចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន និងមានការគំាទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ យើងបានទទួលសិទ្ធិ ក្នុងការផលិតវ៉ាក់សាំង នៅក្នុងប្រទេសរបស់យើងតែម្ដង ដែលអាចផ្ដល់លទ្ធផលឲ្យយើងអាចទិញយកវ៉ាក់សាំង ដែលផលិតជាផលិតផលសម្រេចជាវ៉ាក់សាំង យកមកប្រើប្រាស់ក្នុងស្រុកយើង ហើយក៏អាចនឹងការនាំចេញដោយក្រុមហ៊ុន ទៅក្រៅប្រទេស»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការប្រឹងប្រែងស្វះស្វែងរក ទាំងការទិញវ៉ាក់សាំង និងគម្រោងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩យ៉ាងដូច្នេះ ក៏ព្រោះតែគេមិនដឹងថា ជំងឺរាតត្បាតមួយនេះ នឹងត្រូវបញ្ចប់នៅពេលណានោះ​ទេ ដោយប្រទេសកម្ពុជា បានស្នើប្រទេសចិន ដើម្បីផលិតវ៉ាក់សាំង ដែលជាផលិត​សម្រេច។