ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពហុបំណង ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត​ភ្លឹង​ដូចសព្វ​ថ្ងៃ កើត​ពី​បាតដៃ​ខ្មែរ​សុទ្ធសាធ

50

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនជនរួមជាតិថា ខេត្តព្រះសីហនុ គោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាធ។ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។

សម្តេចបានបញ្ជាក់ថា ខេត្តព្រះសីហនុ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប៉ុណ្ណោះទេ ខេត្តព្រះសីហនុមាន ប្រព័ន្ធអាងចម្រោះទឹកកង្វក់ ដែលអាចធានាថា ទឹកកង្វក់ដែលចម្រោះក្នុងអាងនេះរួច ក្លាយជាទឹកស្អាតហូរចូលសមុទ្រ នឹងអាចឲ្យបងប្អូនដែលងូតទឹកសមុទ្របានប្រកបដោយបរិស្ថានល្អ។

រាជរដ្ឋាភិបាលបាន​ប្រើប្រាស់​កញ្ចប់ថវិកាជាតិផ្ទាល់​ដល់​ទៅ​ប្រមាណ ៣០០ លានដុល្លារ ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ ដែល​មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើចរាចរណ៍ខេត្ត​សេដ្ឋកិច្ច​នា​ភាគនិរតីដ៏សំខាន់របស់កម្ពុជាមួយ​នេះ៕

Loading...