កប់! ម៉ាក​ឡាន​និង​ម៉ូតូ​ប្រេនកប់​ស៊េរី ចាប់​បង្ហាញ​ខ្លួន​ក្នុង​​ពិព័រណ៌យានយន្ត​អន្តរជាតិ​ធំជាង​គេ​នៅ​ថៃ

85

កម្មវិធី​ពិព័រណ៌​រថយន្ត​អន្តរជាតិ​ Motor Expo 2021 លើក​ទី ៣៨ នៅ​ប្រទេស​ថៃ បាន​ចាប់ផ្តើម​ដំណើរការ ដោយ​មាន​ម៉ាក​រថយន្ត​ស៊េរី​ថ្មី​ពីជុំវិញពិភពលោក​ចំនួន ៣២ និង​ម៉ាកម៉ូតូចំនួន ១២ ដើម្បី​ត្រៀម​បង្ហាញ​ខ្លួនយ៉ាង​កក្រើក​ឆ្នាំ​នេះ។ នេះ​បើតាម​ព័ត៌មាន​លម្អិត​ដែល Angkor Post ទើប​ទទួល​បាន​ពីភ្នាក់ងារ​រៀបចំ​ពិព័រណ៌នៅ​មុ​ន​នេះ​បន្តិច។

លោក Kwanchai Paphatphong ប្រធានរៀបចំពិព័រណ៍ បាន​បញ្ជាក់ថា​ Motor Expo 2021 លើក ទី ៣៨ ​ឆ្នាំ​នេះ ផ្តោត​ទៅ​លើប្រធាន​បទ «ដល់​ពេល​​ត្រូវសប្បាយ (TIME to ENJOY)»។ ពិព័រណ៌​ទាំង​មូល ត្រូវ​បាន​រៀបចំ​ដោយ​អនុលោម​ទៅ​តាម​វិធានការបង្ការការឆ្លងមេរោគជាសកល (DMHTTA) ដើម្បីការពារការរីករាលដាលនៃវីរុស​កូវីដ ១៩។ ទាំងបុគ្គលិក​និង​អ្នក​ចូល​ទស្សនា​ទាំងអស់​ក្នុងព្រឹត្តិការណ៍នេះ ត្រូវ​តែ​បាន​ចាក់វ៉ាក់សាំងចំនួន ២ ដងរួច និងធ្វើតេស្ត ATK នៅនឹងកន្លែងមុននឹងចូលក្នុង​ពិព័រណ៌។

ឆ្នាំ​នេះ​មាន​រថយន្ត​ចំនួន ៣២ ម៉ាក​មក​ពី​ប្រទេស​ចំនួន ៩ និង​ម៉ូតូ ១២ ម៉ាក​មក​ពី ៧ ប្រទេស។ ចំនុចពិសេសមួយដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ជាង​គេក្នុង​ពិព័រណ៌លើក​ទី ៣៨ នេះ​គឺ MG Cyberster Concept ដែលជារថយន្តស្ព័រអគ្គិសនី ១០០ ភាគរយជាមួយនឹងកាប៊ីនរថយន្ត e-sport ដំបូងបង្អស់របស់ពិភពលោក ដែល​អាច​បង្កើនល្បឿនពី ០ ទៅ ១០០គ.ម/ម៉ោងប្រើ​ពេលតិចជាង ៣វិនាទីប៉ុណ្ណោះ ហើយ​រយៈ​ចម្ងាយបើកបរបាន​រហូតដល់ ៨០០គ.ម ។

ម៉ាក​រថយន្តជាច្រើនដែល​នឹង​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៌​អន្តរជាតិ​នោះ​មាន​ដូចជា ASTON MARTIN VANTAGE ROADSTER, AUDI RS E-TRON GT QUATTRO, BMW IX XDRIVE50 SPORT, BMW IX3 M SPORT, FORD RANGER, FORD EVEREST , HYUNDAI STARIA, ISUZU V-CROSS 4×4, ISUZU MU-X, KIA CARNIVAL, LEXUS NX, LOTUS EXIGE SPORT 350, MASERATI GHIBLI HYBRID, MAZDA CX-5, MAZDA CX-8, MERCED-8B, MERCED-8 , MINI COOPER SE, MITSUBISHI PAJERO SPORT RALLIART, MITSUBISHI TRITON RALLIART, MOKE, NISSAN TERRA, ORA GOOD CAT, PEUGEOT 5008 SUV, POCCO DUODUO, PORSCHE MACAN, ROLLS-ROGROTA, GOST និង VOLVO XC60 RECHARGE PLUG-IN HYBRID ជាដើម។

ក្រុមការងារ Angkor Post នឹង​ចុះ​ផ្សាយ​រថយន្ត​និង​ម៉ូតូស៊េរី​ថ្មីៗ​ដែល​ប្រកាស​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៌​រថយន្ត​អន្តរជាតិ​នៅ​ថៃ​ឆ្នាំ ២០២១ ដល់ប្រិយមិត្ត​​បន្ត​ទៀត។ កុំ​ភ្លេច​តាមដានទាំងអស់គ្នា!