ព្រោះ​កំណើនវិនិយោគ សំរាម​​ខេត្ត​ព្រះសីហនុកើន​រហូត ៥០០ តោនមួយថ្ងៃ ក្លាយ​ជា​​រឿងឈឺក្បាល

224

បច្ចុប្បន្ន​សម្រាម​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​មាន​ចំនួនពី ៤០០ តោន​ទៅ ៥០០ តោន​ក្នុង​មួយ​ថ្ងៃ ដែល​ជា​បញ្ហា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ។

ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បាន​បញ្ជាក់ថាបច្ចុប្បន្ន​ក្រុងព្រះសីហនុមាន ៦សង្កាត់និង​មាន​ចំនួន​ប្រជាពលរដ្ឋចំនួន ៧៥ ២១០នាក់និងមានជនបរទេស (ចិន) ប្រមាណ ៤ម៉ឺន​នាក់។ បន្ថែម​ពី​នេះ លោក​ថា​ដោយ​ការ​ការ​កើនឡើង​នៃ​ការ​វិនិយោគ​និង​សំណង់អគារ​យ៉ាង​ច្រើន​នៅ​ខេត្ត​ជាប់សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​កើនឡើង​នៃ​ សំរាម ទឹកកខ្វក់ កាកសំណល់ ខណៈ​រដ្ឋបាល​ខេត្ត​ក៏កំពុង​តែ​ដុតដៃដុតជើងដោះស្រាយ​បញ្ហា​កាកសំណល់នេះផងដែរ។

លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា Korea Environmental Industry and Technology Institute/KEITI នៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា តាមការសិក្សាពិនិត្យឃើញថា សាលា ក្រុងពុំមានថវិកាគ្រប់គ្រាន់ ម្យ៉ាងទៀតតម្លៃសេវាប្រមូលសំរាមពីប្រជាពលរដ្ឋមាន ការលំបាក ការគ្រប់គ្រងស្ថាប័ន និងហិរញ្ញវត្ថុមានការខ្វះខាត កិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាម មិនមានតម្លាភាព ខ្វះការទំនាក់ទំនងក្នុងការប្រមូល បញ្ចេញសំរាមក្នុងក្រុងនៅមានកម្រិត ត្រូវពង្រឹងធនធានស្ថាប័នប្រមូលសំរាម ពិសេសសាលាក្រុង បង្កើតការិយាល័យគ្រប់គ្រងសំរាម ផ្សព្វផ្សាយរៀបចំផែនការចូលរួមត្រួតពិនិត្យ វាយតម្លៃក្នុងការប្រមូលសំរាម។

លោក​ស្រីបន្ថែម​ថា បង្កើនការគ្រប់គ្រង និងប្រមូលសំរាមដោយអនុវត្តនូវអនុក្រិត្យលេខ១១៣ បង្កើនសកម្មភាពក្នុងការងារប្រមូលសំរាម មានដូចជា ១-រៀបចំគោលនយោបាយថ្នាក់ជាតិ ក្រុង ។ ២-គាំទ្រលើផ្នែកបច្ចេក ទេស ។ ៣-ការវិនិយោគលើគម្រោងសំណល់រឹង ។ ៤-តាមដានត្រួតពិនិត្យរាល់គម្រោងឱ្យមានប្រសិទ្ធភាព និងតម្លា ភាពធានាបរិស្ថានល្អ៕

ដោយ៖ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ