ខ្លាច​ឥទ្ធិពលវីរុស​បំប្លែងថ្មី Omicron ខ្លាំង​ពេក ជប៉ុន​និង​ហ្វីលីពីន សម្រេច​បិទ​ទេសចរណ៍ជាថ្មី

120

ព្រោះ​ឥទ្ធិពលសាហាវ​នៃ​​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron បាន​បង្ខំ​ឱ្យ​ជប៉ុន​និង​ហ្វីលីន សម្រេច​បិទ​ផែនការ​បើក​ទេសចរណ៍​ជាថ្មី ព្រោះ​ខ្លាច​ការ​ឆ្លង​រាតត្បាត​នៃវីរុស​ដែលសង្ស័យ​មានប្រភព​មកពីអាហ្វ្រិក​ខាងត្បូង​នេះ។

ចំពោះ​ហ្វីលីពីន បាន​ហាម​ប្រាម​អ្នក​ទេសចរ​មកពីប្រទេសអឺរ៉ុបចំនួន ៧ មិន​ឱ្យ​ចូល​ប្រទេស​ខ្លួន​ឡើយ បន្ថែមពីលើក្រុមប្រទេសអាហ្រ្វិកមួយចំនួនផ្សេងទៀតដូចជា ណាមីបៀ, ឡេសូថូ, អេស្វាទីនី, ហ្ស៊ីមបាវ៉េ, បូតស្វាណា, ហ្សំប៊ី, ម៉ាឡាវី, និង ម៉ូហ្សំប៊ិគ។

លោក Jaime Morente មន្រ្តីអន្តោប្រវេសន៍ហ្វីលីពីន បាន​សង្កត់ធ្ងន់​ថា ក្រុមការងារប្រឆាំង​វីរុស​កូវីដ ១៩ ហៅកាត់ IATF គាំត្រ​ចំពោះ​ចំណាត់ការ​ផ្អាក​គម្រោង​បើកទ្វារ​ទទួល​ទេសចរណ៍ព្រោះ​បារម្ភពី​ឥទ្ធិពល​វីរុស Omicron ដែល​ពិភពលោក​ទាំងមូល​កំពុង​ព្រួ​យ​ថា​​ឆ្លង​ខ្លាំង​និង​ពុំ​ខ្លាច​វ៉ាក់សាំង​ផលិត​នាពេល​បច្ចុប្បន្ន ពោល​គឺ​ទំនង​ជា​ខ្លាំងក្លាជាងពពួក​វីរុស​បំប្លែងថ្មី​ៗកន្លង​មកទៅទៀត។

ចំណែក​ឯ​ប្រទេស​ជប៉ុន​ឯណេះ​វិញ​ក៏បានហាមប្រាម​មិន​ឱ្យ​អ្នក​ទេសចរបរទេសពីជុំវិញពិភពលោកចូលមក​ក្នុង​ប្រទេស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះតទៅ រីឯពលរដ្ឋជប៉ុន​ដែល​រស់​នៅ​ក្រៅ​ប្រទេស​មានបំណង​ចូលស្រុក​វិញ ត្រូវ​ធ្វើចត្តាឡីស័ក​តាម​ទីតាំង​និង​ពេលវេលា​កំណត់​របស់​រដ្ឋាភិបាល។

បច្ចុប្បន្ន Omicron បាន​ឆ្លង​រាលដាល​ដល់ អូស្រ្តាលី, ប៊ែលហ្សិក, បុស្វាណា, អង់គ្លេស, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងកុង. អ៊ីស្រាលអែល, អ៊ីតាលី, ហូឡង់, បារាំង, កាណាដា, និង​អាហ្វ្រិក​ខាងត្បូង៕

Loading...