ពេទ្យ​គន្ធបុប្ផា វះ​កាត់​ដាក់​ថ្ម​បេះដូង​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ដោយ​ជោគជ័យ​

98

​ក្មេងស្រីអាយុ១៥ឆ្នាំមួយរូប មានបញ្ហាវិបត្តិសង្វាក់បេះដូង បន្ទាប់​ពីការវះកាត់ជំងឺ​ខូចប្រឹស​បេះដូង​ថត​ខាងស្តាំពីកំណើត គាត់ត្រូវបានធ្វើការវះកាត់ដាក់ថ្មបេះដូង ដោយ​ក្រុមគ្រូពេទ្យ​ឯកទេសកម្ពុជា​នៃ​មន្ទីរ​ពេទ្ យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ ដោយជោគជ័យ។

គណនី Facebook ​របស់​លោក Dr. Beat Richner ​បាន​សរសេរ​បង្ហោះ​ថា នេះគឺជាករណីទី ៤៦៦៩ នៃកុមារ ដែលបានទទួលការវះកាត់បេះដូង ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
ថ្ងៃទី ២១ ខែវិច្ឆិកា​ ម្សិលមិញ ក៏ជាខួប១០ឆ្នាំនៃការបង្កើតផ្នែកវះកាត់បេះដូងនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ពោល ២១ ខែវិច្ឆិកា ឆ្នាំ២០១១-២១ ខែវិច្ឆិកា ឆ្នាំ ២០២១។

ប្រភពដដែលបន្តថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតកុមារនៅកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វីស បានបង្កើតឡើងតាំងពីឆ្នាំ១៩៩២។

មន្ទីរពេទ្យ​គន្ធបុប្ផា​មាន០៥​ទីតាំង បានផ្ដល់​សេវា​ពិនិត្យ ព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​រាប់ម៉ឺន​នាក់​ដោយ​ឥតគិតថ្លៃ និងបានចំណាយ​ថវិកា​ប្រមាណ​ពី ៤៥​លាន ទៅ ៥០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​​។ ថវិកា​ចំណាយ​ទាំងនេះ ទទួលបាន​ពី​ការចូលរួម​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ រួមមាន មូលនិធិ​គន្ធបុប្ផា​ស្វី​ស ឬ​មូលនិធិ​គន្ធបុប្ផា Dr. Beat Richner និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា​៕

Loading...