ល្អ! ​ADB អនុម័តទឹកប្រាក់​១៨០​លានដុល្លារ​អភិវឌ្ឍ​ក្រុងបាវិត កំពត និងប៉ោយប៉ែត

55

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១៨០ លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នៅទីក្រុងចំនួន៣ នៅកម្ពុជា ដែលមានក្រុងបាវិត កំពត និងប៉ោយប៉ែត។

បើតាមធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងវិនិយោគនេះ នឹងជួយទីក្រុងទាំងនេះ ដើម្បីកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។​ គម្រោងនេះ ក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន កំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities]។ ប៉ុន្តែលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឱ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។ គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។« វាក៏នឹងជួយ ដើម្បីទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ»។

Loading...