សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងពេលអាកាសធាតុចុះត្រជាក់

40

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភមានការផ្ទុះរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ ក្នុងកំលុងពេលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាយកចិត្តទុកដាក់ថែទាំសុខភាព និងបន្តអនុវត្តវិធានសុខាភិបាល ជាពិសេស «៣ការពារ និង៣កុំ» ឱ្យបានខ្ពស់ ដើម្បីធានាថា មិនមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។

ក្នុងសារសំឡេងផ្ញើជូនប្រជាពលរដ្ឋរំលឹកពីការថែទាំសុខភាពក្នុងពេលអាកាសធាតុចុះត្រជាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើទោះបីមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ប្រទេសមួយចំនួននៅពេលរដូវត្រជាក់បានចាប់ផ្តើមជំងឺឆ្លងតែងកើតមាន។

សម្តេចតេជោ បានបន្ថែមថា សម្រាប់នៅកម្ពុជាបើទោះបីពេលបច្ចុប្បន្ន ជំងឺកូវីដ១៩ បានធូរស្រាល ប៉ុន្តែការឆ្លងនៃជំងឺនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ និងការពារឱ្យបានខ្ពស់។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «រដូវរងារតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនៅក្នុងពេលកំពុងកើតមានជំងឺកូវីដ១៩នេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដ១៩ ពិតប្រាកដ។ ដូច្នេះជារួមសារមួយនេះ ខ្ញុំសម្តៅអំពាវនាវជូនចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ការពារសុខភាពក្នុងរយៈពេលនៃរដូវរងារ រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង»។

Loading...