រំភើបចិត្ត! កីឡាបាល់ទាត់​ទទួល​បាន​ថវិកា​ឧបត្ថម្ភ ២៥០០០ដុល្លារ ពីម្ចាស់ហាងពេជ្រ ទ្រី ដាណា

513

នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ លោក​ស្រី ទ្រី ដាណា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាងពេជ្រ​​ដ៏​ធំ​មួយ​នៅ​ព្រែក​ព្នៅ បាន​នាំ​យក​ថវិកា ២៥០០០ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​ប្រគល់​ជូន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ និង​សហព័ន្ធ ក្នុង​ជ័យ​ជម្នះ​លើ​កោះ​ហ្គាំ​ទាំង២ជើង នា​ពេល​ថ្មីៗ​នេះ។

ការ​ប្រគល់​ថវិកា​នេះ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល និង​សាលាបាល់ទាត់​ជាតិ​បាទី ដោយ​ក្នុង​នោះ​ថវិកា ១០០០០ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដល់​សហព័ន្ធ និង​១៥០០០ដុល្លារ​សហរដ្ឋ​អាមេរិក​ទៀត ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​កោះ​ហ្គាំ​ចំនួន ៣​គ្រាប់ និង​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​​ជុំ​ទី៣ នៃ​ពាន​រង្វាន់ AFC Asian Cup។

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​លោក​ស្រី ទ្រី ដាណា ដែល​បាន​រួម​ចំណែក​ជួយ​ដល់​វិស័យ​កីឡា ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ  ឱ្យ​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ អគ្គលេខាធិការ​សហព័ន្ធ ក៏​បាន​ពាំនាំ​ពាក្យ​កោត​សរសើរ​ពី​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្បិត​នេះ​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត​ដ៏​ធំ​មួយ​ជូន​កីឡាករ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​ប្រកួត​ជាមួយ​កោះ​ហ្គាំ លោក​ស្រី ទ្រី ដាណា បាន​ប្រកាស​ថា​នឹង​ឧបត្ថម្ភ​មួយ​ម៉ឺន​ដុល្លារ ជូន​ដល់​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា និង​បន្ថែម ៥០០០ដុល្លារ​ក្នុង​​មួយ​គ្រាប់​ជូន​ដល់​ក្រុម​កីឡា​ជម្រើស​ជាតិ​ប្រសិន​បើ​ស៊ុត​បញ្ជូល​ទី​គេ ដោយ​មិន​កំណត់គ្រាប់។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា បាន​ស៊ុត​បញ្ចូល​ទី​កោះ​ហ្គាំ​ទាំង២ជើង​​ចំនួន ៣​គ្រាប់ ស្មើ​នឹង​ទឹក​ប្រាក់ ១៥០០០ដុល្លារ។ ​​

Loading...