

ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Kompasu ដ៏ខ្លាំងក្លានៅប្រទេសហ្វីលីពីនបានកើនដល់ ១៣ នាក់ហើយ ខណៈមនុស្ស ៩ នាក់ផ្សេងទៀតបានបាត់ខ្លួន។
ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិជាតិរបស់ហ្វីលីពីន បានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនបានបាត់បង់ជីវិតដោយសារតែការបាត់រលំដីសង្កត់ពីលើ និងដោយសារទឹកជំនន់នាំយកទៅ ក្រោយព្យុះកំណាច Kompasu បានវាយប្រហារតំបន់ភាគខាងជើងហ្វីលីពីន និង Palawan កាលពីថ្ងៃចន្ទ។
Kompasu ជាព្យុះត្រូពិកស៊ីក្លូនកាចសាហាវលំដាប់ទី ១៣ ដែលបានវាយប្រហារហ្វីលីពីន និងបង្កឱ្យមានការបំផ្លិចបំផ្លាញធំធេង ដែលគិតជាទឹកប្រាក់ស្មើប្រមាណ ៩,៧ លានដុល្លារឯណោះ។
យ៉ាងណាមិញក្រោយព្យុះនេះបង្ហាញឥទ្ធិពលវាយប្រហារហ្វីលីពីនយ៉ាងដំណំ ដោយបង្កឱ្យមានទឹកជំនន់និងដីបាក់ស្រុត អាជ្ញាធរបានជម្លៀសពលរដ្ឋនៅតំបន់រងគ្រោះចំនួន ២ ០០០ នាក់ដោយទៅកាន់ទីទួលដោយសុវត្ថិភាព ខណៈក្រុមអ្នកជួយសង្រ្គោះនៅបន្តស្វែងរកអ្នកបាត់ខ្លួននៅសល់តទៅទៀត៕