ខេត្ត​ព្រះ​សីហនុ ​មាន​គ្រូ​និង​សិស្ស​២៦​នាក់​វិជ្ជមាន​កូវីដ​១៩ ​ថ្ងៃ​ចូល​រៀន​វិញ​

100

​ប្រធាន​មន្ទីរអប់រំ ​យុវជន និងកីឡា ខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែតុលានេះថា នៅ​ថ្ងៃ​ចូល​រៀន​ដំបូងនេះ ក្រុមការងារបានរកឃើញសិស្ស និងគ្រូចំនួន ២៦ នាក់បានឆ្លងជំងឺកូវីដ-១៩ ក្រោយពីឈប់សម្រាករយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ។

លោក​ស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុបានបន្តថា មន្ទីរ​អប់រំ​បាន​ធ្វើ​តេស្ត​រកកូវីដ-១៩ ​ដល់លោកគ្រូ អ្នកគ្រូ និងសិស្សចំនួន ៣.៦៧១ នាក់ ក្នុងនោះស្រីមានចំនួន ១.៤៩២ ​នាក់ ​នៅតាមសាលាចំនួន ២៥ សាលា កម្រិតថ្នាក់ទី៩ និងថ្នាក់ទី ១២ រយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់ថ្ងៃទី១៣ តុលា មុននឹងអនុញ្ញាតឱ្យចូលបង្រៀន និងរៀន។

លោក​ស្រីបានបន្តថា ​ជា​លទ្ធផល​ការ​ធ្វើ​តេស្ត​នៅ​ព្រឹកមិញ​នេះ ​បុគ្គលិក​សុខាភិបាល​បាន​រក​ឃើញ​គ្រូ​ចំនួន​ ៤ នាក់ និងសិស្ស ២២ នាក់នៅតាមសាលាចំនួន ៥ បានឆ្លងជំងឺកូវីដ-១៩ ហើយ​បាន​បញ្ជួន​ពួកគាត់​ទៅ​ព្យាបាលរួចរាល់ហើយ។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានបើកដំណើរការសិក្សាសាកល្បងសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ៥ សាលានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ បន្ទាប់មក រដ្ឋបាលខេត្តបានបន្តបើកថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ២០ សាលាបន្ថែមទៀត ដែលមានសិស្សចំនួន ២.១២៥ នាក់ ស្រី ១.១៥០ នាក់ ស្មើនឹង ១០៥ ថ្នាក់ ខណៈបច្ចុប្បន្នខេត្តព្រះសីហនុមានសាលាចំនួន ១០០ កន្លែង ក្នុងនោះមានកម្រិតមធ្យមសិក្សាចំនួន ២៧ កន្លែង កម្រិតបឋមសិក្សាចំនួន ៧២ កន្លែង និងកម្រិតមតេយ្យសិក្សាចំនួន ១ កន្លែង៕

Loading...