

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសឧបត្ថម្ភអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ទូទាំងប្រទេស ដើម្បីអាចបំពេញក្តីស្រម៉ៃពេលអនាគតរបស់ខ្លួនបានទៅលើមុខជំនាញដូចជា វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។
លោកបានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ខ្ញុំបាទសូមឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ដោយប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស (២៥ខេត្តក្រុង)។ ក្នុងឱកាសដែលខ្ញុំបាទបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ខ្ញុំបាទសូមចែករំលែកការលំបាកពីអតីតដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យបាន ជួយទៅដល់ប្អូនៗនិស្សិតក្រីក្រក្នុងពេលនេះ ឱ្យមានឱកាសរួមដំណើរជាមួយខ្ញុំ។ ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី ៣០០ ដុល្លារទៅ ៤ ០០០ ដុល្លារទៅតាមការីកចម្រើន ចំណេះដឹងអត្តចរិតបុគ្គលិកលក្ខណៈ នៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ។
លោកបន្ថែមថា លោកនឹងចែករំលែកបទពិសោធន៍ ជាក់ស្ដែង ជូននិស្សិតក្រីក្រទាំងនោះ ដើម្បីឈានទៅរកគោលដៅអនាគតដ៏ល្អរុងរឿងរបស់ពួកគេ។ លោកឧកញ៉ា នឹងចុះវាយតម្លៃផ្ទាល់ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ៕