បិទ​ភូមិ​មួយ​ហើយ ​ក្រោយ​ផ្ទុះ​អ្នក​ឆ្លង​កូវីដ​១៩​ក្បែរ​១០០​នាក់

397

​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​កំរៀង បាន​ចុះ​បិទ​ខ្ទប់​ភូមិ​ភ្នំ​១០០ ក្នុង​ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ​នេះ​ជា​បណ្តោះអាសន្ន ដោយ​សារ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ នៅក្នុង​សហគមន៍​កាន់តែ​ច្រើនឡើង​គួរអោយកត់សម្គាល់​។​

លោកស្រី រី ហេង មេឃុំ​ត្រាង បាន​បញ្ជាក់ថា ដើមឡើយ​គឺ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា មាន​អ្នកភូមិ​ម្នាក់បាន​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​ដែល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​សំពៅ​លូន ដោយ​នៅពេលនោះ​ក្រុមគ្រូពេទ្យ​ក៏បាន​យក​សំណាក​បុគ្គល​រូបនោះ​ទៅពិនិត្យ ក៏​ស្រាប់តែ​លទ្ធផល​បញ្ជាក់ថា​ វិជ្ជមាន ទើប​មាន​ការ​ភ្ញាក់ផ្អើល​ក្នុងភូមិ​ភ្នំ​១០០ទាំងមូល​តែម្តង​។​

លុះ​នៅ​ថ្ងៃទី​១១ គឺ​រកឃើញ​វិជ្ជមាន​ចំនួន១៧នាក់ ថ្ងៃ​១២ រកឃើញ​បន្ត​ចំនួន២២ នាក់ ថ្ងៃ​១៣ រកឃើញ២៦នាក់ និង​ថ្ងៃទី​១៤ ម្សិលមិញ​នេះ រកឃើញ​ចំនួន២២នាក់ សរុប​ទាំងអស់​មាន​ចំនួន ៨៨នាក់( ស្រី៥២នាក់​) ក្នុងចំណោម​មនុស្ស​ទៅយក​សំណាកជិត៤០០នាក់ ហើយ​នៅថ្ងៃនេះ​ដែរ អ្នក​ដែល​នៅ​សេសសល់ បាន​នឹងកំពុង​បន្តធ្វើ​ដំណើរ​ទៅយក​សំណាក​បន្ថែមទៀត​៕

Loading...