លោក​ស្រី ទ្រី ដាណា បន្តចែកអំណោយជូនប្រជាពលរដ្ឋ ២៤២គ្រួសារ នៅខេត្តស្វាយរៀង

27

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា អគ្គនាយិកា​ក្រុមហ៊ុន​នាំ​ចូល​ផលិត​ផល​ថែ​សម្រស់ NNP និង​ជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ២៤២​គ្រួសារ នៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បើ​ទោះ​បី​ពេល​លោក​ស្រី កំពុង​វិបត្តិ​គ្រួសារ​បែក​បាក់​ជាមួយ​ស្វាមី​យ៉ាង​ណា​ក្ដី។

អំណោយ​ដែល​លោក​ស្រី ទ្រី ដាណា នាំ​យក​ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​នៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង មាន​ថវិកា អង្ករ មី ត្រីខ និង​ទឹក​ពិសា​បរិសុទ្ធ ដែល​សរុប​ជា​ថវិកា​ប្រមាណ​ជាង ១ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ប្រជាពល​រដ្ឋ​​ក្នុង​ឃុំ​ដែល​មាន​ប័ណ្ណ​ក្រី​ក្រ​សរុប ២៤២​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ២០​គីឡូក្រាម មី​មួយ​កេះ ត្រី​ខ​មួយ​យួរ ទឹក​ពិសា​បរិសុទ្ធ​មួយ​កេះ និង​ថវិកា ៥ម៉ឺន​រៀល។

លោក​ស្រី ទ្រី ដាណា បាន​ថ្លែង​ថា នៅ​ពេល​នេះ​គ្រប់​គ្នា​កំពុង​ជួប​ការ​លំបាក​ដោយសារ​វិបត្តិ​កូវីដ១៩ មាន​តែ​ការ​ជួយ​គ្នា​នេះ​ហើយ ទើប​អាច​សម្រាល​ការ​លំបាក​បាន​ខ្លះ។ ដោយសារ​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​នេះ ទើប​លោក​ស្រី​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​ចែក​អំណោយ​ជូន​បង​ប្អូន​កំពុង​ខ្វះ​ខាត។ ម្ចាស់​ហាង​ពេជ្រ​រូប​នេះ បាន​លើក​ទឹក​ចិត្ត​គ្រប់​គ្នា ត្រូវ​តស៊ូ​ជម្នះ​នូវ​ការ​លំបាក ហើយ​ចូល​រួម​អនុវត្ត​នូវ​វិធាន​ការ ៣​ការពារ ៣​កុំ និង​២​ចូល​រួម ដើម្បី​លុប​បំបាត់​កូវីដ​នាពេល​ឆាប់​ៗ​នេះ។

គួរ​បញ្ជាក់​ដែរ​ថា លោក​ស្រី ទ្រី ដាណា បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយសារ​រឿង​រ៉ាវ​​គ្រួសារ​មួយ​ចំនួន​មិន​ចុះ​សម្រុង​គ្នា។ បើ​ទោះ​បី​ជា​មាន​ពាក្យ​អ្នក​ដទៃ​ថា​លោក​ស្រី​សម្ដែង ឬ​បង្កើត​រឿង ក៏​លោក​ស្រី​លែង​​ខ្វល់ ព្រោះ​គិត​ថា​រឿង​គ្រួសារ​ដល់​ដំណាក់​កាល​នេះ គ្មាន​អ្នក​ណា​យក​កិត្តិយស​មក​លេង​សើច​នោះ​ទេ។ នៅ​ថ្ងៃ​ចែក​អំណោយ ឃើញ​មាន​វត្ត​មាន​តែ​លោក​ស្រី ទ្រី ដាណា ម្នាក់​ឯង​ប៉ុណ្ណោះ ខុស​ពី​សព្វ​មួយ​ដង៕ ​​​​​

Loading...