ឡាន Rolls-Royce Cullinan ពាក់អាវក្រោះ​ការពារ​កាំភ្លើងធន់ធ្ងន់តម្លៃ​ជិត ២ លាន​ដុល្លារ ទើប​បង្ហាញ​រាង​ម្សិលមិញ មាន​ម្ចាស់បាត់

149

ស្តេច​ឡាន Rolls-Royce Cullinan Black Badge Long Armored 1 of 1 បំពាក់​អាវក្រោះ​ការពារ​គ្រាប់​កាំភ្លើងធន់ធំ​បាញ់មិន​ធ្លាយ បាន​មក​ដល់កម្ពុជាហើយ​កាលពីម្សិលមិញ។

Rolls-Royce Cullinan មួយ​គ្រឿង​នេះ​ ត្រូវ​ហាង​ឡាន​ល្បី​ធំ​មួយ​នៅភ្នំពេញ​នាំ​មក​លក់​តែ​មួយគ្រឿង​ប៉ុណ្ណោះ។ រថយន្ត​នេះ​បំពាក់បច្ចេកវិទ្យា​អាវក្រោះការពារ​គ្រាប់កាំភ្លើង​របស់​ក្រុមហ៊ុន​ល្បី​ INKAS ដោយ​បំពាក់​គ្រឿង​ការពារ​​ជុំវិញ​រថយន្ត​រហូត​ដល់​ ៣៦០ ដឺក្រេតែម្តង។

ស្តេច​ឡានមួយ​នេះ ផលិត​ឡើង​សម្រាប់​អភិជន​ដែល​ចង់​បង្កើន​ប្រព័ន្ធសុវត្ថិភាព​ផ្ទាល់​ខ្លួន​ ពិសេស​ពេល​ជិះ​នៅ​តំបន់​ដែល​គ្រោះថ្នាក់ការពារ​ពីការប៉ងវាយប្រហារផ្សេងៗ​បាន​។

Rolls-Royce Cullinan នេះ​បំពាក់ដោយ​បច្ចេកវិទ្យា​អាវក្រោះកម្រិត CEN 1063 និង BR6 ដែល​អាច​ការពារ​ពី​គ្រាប់កាំភ្លើងទំហំ ៧,៦២ម.មx ៥១ម.ម លើ​​ប្រភេទពពួក​កាំភ្លើង​ AK ស៊េរី​ទំនើបផ្សេង​​មិន​ឱ្យ​ធ្លាយ​របួស​ដល់​អ្នកដំណើរ​ខាង​ក្នុង​រថយន្ត​បាន​ឡើយ។

ក្រៅ​ពីការការពារ​មនុស្ស ឡាន​នេះ​ក៏​មាន​ប្រព័ន្ធ​ការពារ​លើ​អាគុយ និង​ប្រព័ន្ធអេឡិចត្រូនិក​ផ្សេងៗ​, ពង្រឹង​ប្រព័ន្ធ​គន្លឹះទ្វារ និង​កន្លែងសំខាន់ផ្សេងៗពីការ​វាយប្រហារ និង​ប្រព័ន្ធដំណើរការ​ឱ្យ​កង់រថយន្ត​នៅ​អាច​បើកទៅមុខបាន ទោះត្រូវ​បាញ់ធ្លាយជាដើម។

រថយន្ត​ ​Rolls-Royce Cullinan ដែល​ទើប​នាំ​មក​លក់​យ៉ាង​កក្រើក​នៅ​ភ្នំពេញ​នេះ មាន​ការ​បង្ហើប​ឱ្យ​ដឹង​មាន​តម្លៃ​ដល់ទៅជិត ២ លានដុល្លារ ហើយ​ក៏​មាន​ម្ចាស់​រួចហើយ​ដែរ៕

Loading...