គិត​មក​ដល់​ពេល​នេះ ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ប្រភេទ Delta ​ជិត​៤​ពាន់​នាក់​ហើយ​

23

​ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន ៣៧៣១នាក់ហើយ គិតរហូតដល់ពេលនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ករណីឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ «ឌែលតា» ត្រូវបានរកឃើញនៅរាជធានីខេត្តចំនួន២៤ នៅទូទាំងប្រទេស លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ ដោយក្នុងនោះរាជធានីភ្នំពេញមានចំនួនច្រើនជាងគេរហូតដល់១២៥៦ករណី។ ក្រៅពីនោះមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ ខេត្តកណ្តាល ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែងជាដើម ដែលមានអត្រាឆ្លងខ្ពស់។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មី និងអំពាវនាវដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។ ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។

Loading...