ពិបាក​ពេក Apple ​ដាច់​ចិត្ត​រត់ទៅរក​ Toyota ឱ្យ​ជួយ​សហការ​​ផលិត​ឡានអគ្គិសនីទំនើប​ឆ្នាំ ២០២៤

50

បើ​រាប់​គិត​តាំងពីមាន​ព័ត៌មាន​ចចាមអារ៉ាម​រឿង Apple ងាកមក​ផលិត​រថយន្តអគ្គិសនី មកទល់ពេល​នេះ ១០ ឆ្នាំ​ល្មមដែរ ហើយ​នៅ​ពេល​នេះ​លេចឭព័ត៌​មាន​រសើប​មួយ​ទៀត​គឺក្រុមហ៊ុន​ផលិត iPhone នេះចាប់ដៃ​សហការ​ជាមួយ Toyota ដើម្បី​ជួយ​ដល់ការ​ផលិតរថយន្តរបស់​ខ្លួននា​ឆ្នាំ ២០២៤។

បើ​តាម​ការ​ចុះផ្សាយ​ពី DigiTimes តាមពិត​ទៅ Apple ស្វះស្វែង​រកដៃគូរ​ខ្លាំង​មែនទែន​សម្រាប់គម្រោង​ផលិត​រថយន្ត​ទំនើប​របស់​ខ្លួន ដោយ​មាន​ទាំងក្រុមហ៊ុន​ផ្គត់ផ្គង់អាគុយឡាន​ចិន ក្រុម​ហ៊ុន​ជប៉ុន​និង​កូរ៉េដូចជា Panasonic LG និង Samsung ជាដើម។

ទីបំផុត​ចុង​ក្រោយ​ក៏​ឮដំណឹង​ថា Toyota ដែល​ជា​ក្រុមហ៊ុន​ផលិត​ឡាន​ល្បី​លំដាប់ពិភពលោក​របស់ជប៉ុន នឹង​អាច​ក្លាយ​ជា​ដៃគូរ​ផលិត​រថយន្ត​សម្រាប់ Apple នាប្រហែល ៣ ឆ្នាំ​ទៅមុខ។

បើ​តាម​ការ​អះអាងពីសារព័ត៌មាន Reuters បញ្ជាក់ថា ខណៈ​មាន​ការ​ស្វះស្វែង​រក​ជំនួយរឿង​អាគុយ​ឡានពីក្រុមហ៊ុន​ដទៃ Apple ខ្លួន​ឯង​ក៏​កំពុង​សម្ងំ​ផលិត​អាគុយផ្ទាល់ខ្លួន​ដែល​ប្រើបច្ចេកវិទ្យាទំនើប ហើយ​ថែម​ទាំង​មាន​តម្លៃ​ធូរថ្លៃ​និង​ជួយឱ្យ​ឡាន​បើកបរ​បាន​កាន់តែ​ឆ្ងាយ​ថែម​ទៀត។ ប៉ុន្តែ​ការ​ឈាន​ជើង​មក​ផលិត​បច្ចេកវិទ្យាថ្មី​សម្រាប់​រថយន្ត​ខ្លួន​ឯងយ៉ាង​ថ្មី​ស្រឡាងបែប​នេះ ធ្វើ​ឱ្យ​ Apple ​ជួប​ការ​លំបាក ដែលជាហេតុ​ត្រូវ​រកជំនួយពីក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​ទៃសិន៕