អភិបាល​រាជ​ធានី​ភ្នំពេញ ​ឱ្យ​គ្រប់​ខណ្ឌ​រៀប​ចំ​អនាម័យ ​ត្រៀម​បើក​សាលា​រៀន​វិញ​

27

​អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខាតមិនបានចូលរៀនយូរហើយ ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនអោយដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្តដោយជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឱ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប។ ដូច្នេះ លោកជំរុញឱ្យអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសំអាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឱ្យបានស្អាត។ បន្ថែម ពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងសុំអន្តរាគមន៍ពីកងទ័ពដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលធ្វើពិធីបើកសាលាឱ្យចូលរៀនឡើងវិញ។

Loading...