

ក្មេងៗជនជាតិចិន ត្រូវកំណត់ឱ្យលេងវីដេអូហ្គេមត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ពោលគឺលេងបានតែម្នាក់ ១ម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភនិងត្អូញត្អែរពីអាណាព្យាបាលរឿងកូនៗវ៉ក់ហ្គេមមិនសូវសង្វាតរៀន ពិសេសប៉ះពាល់ដល់សតិអារម្មណ៍ទៀតផង។
ក្រោមវិធានការណ៍ថ្មីនេះ ក្រុមហ៊ុនហ្គេមទាំងអស់នៅចិន អាចអនុញ្ញាតឱ្យក្មេងៗលេងហ្គេមបាននៅចន្លោះម៉ោង ៨យប់ដល់៩យប់ប៉ុណ្ណោះនៅចុងសប្តាហ៍ពីថ្ងៃសុក្រដល់អាទិត្យ។ ដូច្នេះក្រុមហ៊ុនហ្គេម ត្រូវដាក់គោលការណ៍វិន័យដល់តម្រូវឱ្យអ្នកលេងប្រើប្រាស់ឈ្មោះពិតក្នុងការចុះឈ្មោះលេងក្នុងប្រព័ន្ធ។
វិធានការណ៍លើការលេងហ្គេមតែ ៣ ម៉ោងក្នុងមួយសប្តាហ៍នេះ ធ្វើឱ្យក្រុមហ៊ុនហ្គេមធំៗពិសេស Tencent និង NetEase បាត់បង់ប្រាក់ចំណូលមួយភាគធំចំនួន ៣,៥ និង ៣,៧ ភាគរយម្នាក់។
ក្រុមហ៊ុនចិន គ្រោងនឹងដាក់បច្ចេកវិទ្យាស្កេនមុខលើហ្គេម ដើម្បីជាការចុះឈ្មោះចូលលេងហ្គេមក្នុងន័យមិនឱ្យមានការថ្លោះធ្លោយពីវិធានការណ៍កំណត់របស់រដ្ឋាភិបាល។ វិធានការណ៍កំណត់ម៉ោងលេងហ្គេមនេះ ទទួលការសាទរច្រើនពីអាណាព្យាបាលជាខ្លាំង ព្រោះអាចបញ្ចៀសក្មេងៗពីការវក់លេងហ្គេមលើសកំណត់ប៉ះពាល់ការសិក្សានិងស្មារតី៕