តាម​មន្ទីរពេទ្យ​ក្រុង​បាំងកក​ទប់លែងឈ្នះ អាជ្ញាធរ​បង្ខំ​ចិត្ត​យក​ព្រលានយន្តហោះ​ដុន​មឿង​ធ្វើ​កន្លែង​ព្យាបាល​កូវីដ

165

ទីបំផុត​ថៃ​បាន​យក​ឃ្លាំង​ផ្ទុក​ទំនិញ​នៅព្រលានយន្តហោះដុនមឿង (Don Muang Airport) រៀប​គ្រែ​សម្រាប់​ឱ្យ​អ្នក​ជំងឺ​កូវីដ ១៩ សម្រាក​ព្យាបាល​ ក្រោយ​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ចេះ​តែ​កើន​ឥតឈប់​ហើយ​មន្ទីរពេទ្យ​ទូទាំងក្រុង​កំពុង​ណែនណាន់តាន់តាប់ខ្វះគ្រែផង​ដែរ។

ទីតាំង​ផ្ទុក​ទំនិញ​នៅ​ព្រលាន​យន្តហោះ​ដុនមឿង​នេះ អាច​ដាក់គ្រែ​បាន ១ ៨០០ គ្រែ​ សម្រាប់​ដាក់អ្នកជំងឺ​មាន​អាការៈ​ស្រាល ដែល​អាច​ជួយ​សម្រាលបញ្ហា​តាម​មន្ទីរពេទ្យ​ផ្សេងៗ​ក្នុង​ទីក្រុង​បាន​មួយរយៈ​ពេលខ្លីប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ពលរដ្ឋ​ថៃ​ដែល​ស្វែង​រកការ​ព្យាបាល​កូវីដនៅ​ទីក្រុង​បាំងកក ត្រូវ​អាជ្ញាធរ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួកគេ​វិញ​តាម​រថភ្លើង ដើម្បី​សម្រាល​បន្ទុក​ដំណើរការ​ព្យាបាល​នៅ​ទីក្រុង​មួយ​នេះ​ដែល​ឈាន​ហួសចំណុច​ក្រហម​ទប់លែង​ជាប់ទៅហើយ។

ថៃ​រំពឹង​ថា​នឹង​ចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ​ឱ្យ​បាន​ ៥០ លាន​នាក់​នៅដំណាច់ឆ្នាំ ២០២១ នេះ។ បើយោងតាម​ទិន្នន័យ​ផ្តល់ដោយ​មន្ទីរគ្រប់គ្រងស្ថានការណ៍កូវីដរបស់​ថៃ បាន​បញ្ជាក់ថា ពេលនេះ​ពលរដ្ឋ​ ២៣ភាគរយក្នុង​ចំណោម ៧០ លាន​នាក់បាន​ទទួលវ៉ាក់សាំងយ៉ាងហោចណាស់បានដូសទី ១ ខណៈ ៥ភាគរយផ្សេងទៀតបាន​ចាក់បាន​ទាំងពីរដូសរួចរាល់៕

Loading...