បាំងកក​ទប់លែងជាប់ អ្នកជំងឺកូវីដ ១៩ ​ជាច្រើន​ត្រូវ​បញ្ជូន​តាម​រថភ្លើង​ទៅស្រុក​កំណើតវិញ

659

ពលរដ្ឋ​ថៃ​ដែល​ស្វែង​រកការ​ព្យាបាល​កូវីដនៅ​ទីក្រុង​បាំងកក ត្រូវ​អាជ្ញាធរ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួកគេ​វិញ​តាម​រថភ្លើង ដើម្បី​សម្រាល​បន្ទុក​ដំណើរការ​ព្យាបាល​នៅ​ទីក្រុង​មួយ​នេះ​ដែល​ឈាន​ហួសចំណុច​ក្រហម​ទប់លែង​ជាប់ទៅហើយ។

​បាំងកក​ដែល​ជាទីក្រុង​មាន​ភាព​ជឿនលឿន​ផ្នែក​វិជ្ជាសាស្រ្តពេទ្យ​ នៅពេល​នេះ​កំពុង​តែ​ជួប​អាសន្ន​ដោយ​តាម​មន្ទីរពេទ្យ​ធំៗ​ទាំងអស់​កំពុង​ផ្ទុក​អ្នក​ជំងឺកូវីដ​យ៉ាង​ណែនណាន់តាន់តាប់ រហូត​ខ្វះ​សូម្បី​តែគ្រែដេក​ឱ្យ​អ្នក​ជំងឺ។

កាលពី​ថ្ងៃ​អង្គារ៍សប្តាហ៍​នេះ ពលករ ១៣៥ នាក់​ដែល​មាន​អាការៈ​ជំងឺ​ស្រាលឬ​គ្មាន​រោគសញ្ញាទាំង​ស្រុង បាន​ចាកចេញពីទីក្រុង​បាំងកកទៅកាន់ខេត្ត​នៅ​ភាគឦសាន​ដើម្បី​រកការព្យាបាល​ក្រោយ​បដិសេធ​មិន​ទទួលព្យាបាល​នៅ​ទីក្រុង។ រថភ្លើង​ទាំងនោះ​នឹង​ទម្លាក់​អ្នកជំងឺ​ទាំងអស់​នៅ​តាមបណ្តាខេត្ត​ចំនួន ៧ ហើយ​នឹង​មាន​ក្រុម​គ្រូពេទ្យ​រង់ចាំទទួល ដើម្បី​យក​ទៅ​ព្យាបាលនិង​ដាក់ឱ្យ​នៅ​ដាច់ដោយឡែក។

ពលរដ្ឋ​ថៃ​ម្នាក់​បាន​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹងស្ថានការណ៍​នៅ​ទីក្រុង​បាំងកក​ថា «មាន​ការ​ពន្យារពេល​ចំពោះ​ការ​នាំយក​សាកសព​ដែល​ស្លាប់ដោយកូវីដ ១៩ នៅ​តាម​ផ្លូវ ដោយ​សារ​តែ​ក្រុម​គ្រូេពទ្យ​ត្រូវ​ប្រញាប់ទៅយក​អ្នក​ដែល​សង្ស័យ​កើតកូវីដ​ច្រើន​នាក់ឯទៀត។ ខ្ញុំ​ត្រូវ​ទទួលយកការពិត ព្រោះ​ថា​ពេលនេះ​គ្រូពេទ្យ​ត្រូវ​ធ្វើការ​ងារ​ច្រើន​ណាស់។»

ស្រ្តីរូបនេះ​បន្ត​ថា «ខ្ញុំ​ឃើញមនុស្ស​ទម្លាក់សាកសព​នៅ​តាម​ផ្លូវ ដែល​វាជារូបភាព​គួរឱ្យ​រន្ធត់​បំផុត​មួយ ហើយ​មិន​គួរ​កើត​ឡើង​ចំពោះគ្រួសារ​ណាមួយ​នោះទេ។»

ថៃ​រំពឹង​ថា​នឹង​ចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ​ឱ្យ​បាន​ ៥០ លាន​នាក់​នៅដំណាច់ឆ្នាំ ២០២១ នេះ។ បើយោងតាម​ទិន្នន័យ​ផ្តល់ដោយ​មន្ទីរគ្រប់គ្រងស្ថានការណ៍កូវីដរបស់​ថៃ បាន​បញ្ជាក់ថា ពេលនេះ​ពលរដ្ឋ​ ២៣ភាគរយក្នុង​ចំណោម ៧០ លាន​នាក់បាន​ទទួលវ៉ាក់សាំងយ៉ាងហោចណាស់បានដូសទី ១ ខណៈ ៥ភាគរយផ្សេងទៀតបាន​ចាក់បាន​ទាំងពីរដូសរួចរាល់៕

Loading...