ប្រតិបត្តិការ​ខួង​យក​ប្រេងកាត​ប្លុក A កម្ពុជា ត្រូវ​ផ្អាក​បណ្តោះអាសន្ន​ក្រោយ​ក្រុមហ៊ុនរុករក​​ប្រកាសក្ស័យធន

69

ប្រតិបត្តិការខួង​យក​ប្រេងកាតនៅប្លុក A របស់កម្ពុជា កំពុង​ជួបបញ្ហាប្រឈមហើយ​គម្រោងផែនការធំៗមួយចំនួនត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ក្រោយ ក្រុមហ៊ុន KrisEnergy សឹង្ហបុរី ដែល​ប្រកបធុរកិច្ចក្នុងវិស័យប្រេងកាតនៅ​កម្ពុជា​បាន​ប្រកាស​ក្ស័យធន។ នេះ​បើ​តាម​សារ​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​របស់​លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

លោក ម៉េង សក្តិធារ៉ា បាន​រៀបរាប់ដូចតទៅ​ថា «បន្ទាប់ពីមានការផ្សាយព័ត៌មានពីការដួលរលំរបស់ក្រុមហ៊ុនប្រេងរបស់ប្រទេសសឹង្ហបុរី ឈ្មោះ KrisEnergy នៅពេលថ្មីៗនេះ មានមិត្តភ័ក្រនិងបងប្អូនជាច្រើន ដែលស្គាល់ខ្ញុំបានចោទសំណួរជាច្រើន ហើយដែលខ្ញុំយល់ថាមានសារៈសំខាន់ណាស់ ក្នុងការពន្យល់ឆ្លើយតបវិញ ចំពោះប្រជាជនយើង ក្នុងកាត្វកិច្ចយើងជាមន្រ្តីសារធារណៈ។ ខ្ញុំពុំមានលទ្ធភាពអាចឆ្លើយបានគ្រប់សំណួរទាំងអស់នោះទេ ប៉ុន្តែខ្ញុំយល់ថា រឿងនិទានដ៏វែងរបស់ខ្ញុំខាងក្រោម អាចនឹងផ្តល់ពន្លឺខ្លះសម្រាប់បងប្អូនជនរួមជាតិយើងពិចារណារស្វែងរកចម្លើយចំពោះសំណួរដែលខ្លួនឯងមាន។»

១. ក្រុមហ៊ុន KrisEnergy នៅសឹង្ហបុរី ជាក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសឹង្ហបុរី ដែលប្រកបធុរកិច្ចក្នុងវិស័យប្រេងកាត នៅក្នុងតំបន់។ ក្រុមហ៊ុននេះមានធុរកិច្ចខាងអាជីវកម្មប្រេងកាតនៅប្រទេសមួយចំនួន ដូចជា បង់ក្លាដេស ឥណ្ឌូនេសុី ថៃ វៀតណាម និងថ្មីៗនេះ នៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ KrisEnergy Cambodia។

២. ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ២០១៨ មក ហើយបានចាប់ផ្តើមលក់សិទ្ធសម្បទានប្លុកប្រេងកាតដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែ វិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ ២០១៩ ដោយប្រឈមនិងការតឹងទាបំណុលពីម្ចាស់បំណុល ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការការពារពីតុលាការនៅសឹង្ហបុរី ដើម្បីបញ្ជៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុន លើកដំបូងនៅដើមឆ្នាំ ២០១៩។

៣. ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាចំពោះការបន្តដំណើរការអភិវឌ្ឍន៍សាងសង់អណ្តូងប្រេង និងសំណើរកែប្រែផែនការអណ្តូងប្រេងមកកម្រិតខ្នាតតូចវិញ (បន្ថយពី២០អណ្តូងមកធ្វើតែ៥អណ្តូងវិញ) ដើម្បីសាកល្បងជាបឋមមួយជំហានសិន ហើយស្របតាមស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផង និងស្ថានភាពនៃកូវីឌ១៩ផង ក្រុមហ៊ុនក៏បានយកការរំពឹងទុករបស់ខ្លួនលើផលរបស់គម្រោងផលិតកម្មប្រេងនៅប្លុក A របស់កម្ពុជា ទៅធ្វើជាអំណៈអំណាងពីលទ្ធភាពអាចកែវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ និងបង្កើតជំនឿចិត្តដល់ម្ចាស់បំណុលធំៗ ដើម្បីឲ្យផ្តល់ឱកាសបន្ថែមក្នុងការពិនិត្យលទ្ធភាពប្រែក្លាយបំណុលឲ្យទៅជាការដាក់ទុនចូលក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនវិញ។

៤. ផ្អែកលើអំណៈអំណាងខាងលើ ក្រុមហ៊ុន KrisEnergy ត្រូវបានតុលាការសម្រេចផ្តល់ការការពារពីការប្រកាសក្ស័យធនភ្លាមៗ ហើយមានលទ្ធភាពរកហិរញ្ញប្បទានបន្ថែមខ្លះៗ មកអភិវឌ្ឍន៍អណ្តូងប្រេងសាកល្បងដំបូងរបស់កម្ពុជា ដើម្បីបញ្ជាក់ដល់ម្ចាស់បំណុលពីលទ្ធភាពស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងលទ្ធភាពដែលម្ចាស់បំណុលអាចនឹងបង្វែរប្រាក់បំណុលទាំងឡាយ ឲ្យមកជាការដាក់ទុនចូលភាគហ៊ុនក្នុងក្រុមហ៊ុនវិញ។

៥. ក្រោយការផលិតចេញបានដំណក់ប្រេងដំបូងរបស់កម្ពុជា ដោយជោគជ័យ នៅចុងឆ្នាំ ២០២០ លទ្ធផលនៃកម្រិតបរិមាណផលិតកម្មប្រេងពីអណ្តូងប្រេងសាកល្បងនេះ មិនមានកម្រិតដូចអ្វីដែលក្រុមហ៊ុន KrisEnergy បានរំពឹងទុកថា អាចយកជាមូលដ្ឋានស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុដែលខាតពីមុនមក និងផ្តល់ជំនឿដល់ម្ចាស់បំណុលថាអាចប្រែក្លាយបំណុលឲ្យទៅជាការចូលភាគហ៊ុនបាន ។ ដូច្នេះ កត្តានេះបានបង្ខំឲ្យក្រុមហ៊ុន អស់ជម្រើស ហើយត្រូវដាក់ពាក្យស្នើសុំតុលាការដើម្បីប្រកាសលក់ទ្រព្យសម្បត្តិក្រុមហ៊ុនដែលមានទាំងអស់ យកមកចាត់ចែងសងបំណុល។

៦. ក្រោយការដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុននិងចាត់ចែងលក់ទ្រព្យសម្បត្តិដើម្បីសងបំណុល ប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះ តុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃ ព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនមានកន្លងមក ដើម្បីជំរៈបិទបំណុលទាំងអស់នោះ។

៧. ក្រោយការអនុវត្តនិតិវិធីតុលាការនេះរួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវរំលាយ ហើយម្ចាស់បំណុលនឹងទទួលបានសិទ្ធចាត់ចែងលើទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ដែលមានទាំងអស់ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជា។ នៅពេលនោះ ម្ចាស់បំណុលអាចចាត់ចែងបន្ត ឬ រកដៃគូរមកចាត់ចែងបន្តលើទ្រព្យទាំងនោះ ផ្អែកលើកិច្ចព្រមព្រៀងប្រេងកាតនិងច្បាប់របស់កម្ពុជា ចំពោះករណីប្លុកប្រេងកាតនៅកម្ពុជា។
៨. ជាបន្ត ម្ចាស់បំណុលដែលទទួលបានសិទ្ធចាត់ចែងលើក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរកការឯកភាពគ្នាមួយក្នុងការបន្តអនុវត្តគម្រោងកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក A នេះ យ៉ាងណាទៅមុខទៀត។

៩. នៅក្នុងដំណាក់កាលរងចាំការចាត់ចែងរបស់តុលាការ និងការចរចាររវាងភាគីម្ចាស់បំណុលដែលទទួលបានសិទ្ធបន្ត ជាមួយរដ្ឋាភិបាលកម្ពុជា ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ប្រតិបត្តិការប្រេងកាតធំៗ និងគម្រោងអភិវឌ្ឍជាជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រងចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរដ្ឋាភិបាលនិងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។

លោក​បន្ថែម​ថា «ខ្ញុំសូមបញ្ជាក់ផងដែរថា ផលិតកម្មដែលមានសព្វថ្ងៃ ជាផលិតកម្មដែលផលិតចេញពីអណ្តូងសាកល្បងចំនួន ៥អណ្តូង នៅតំបន់ផលិតកម្មតូចមួយនៃប្លុក A ទាំងមូលប៉ុណ្ណោះ មិនមែនប្លុក A ទាំងមូលទេ ។ តំបន់នេះមានផ្ទៃក្រឡាសរុបចំនួនប្រហែល ១១០គម២ ចំណែកប្លុក A ទាំងមូល មានផ្ទៃក្រឡាសរុបប្រមាណ ៣.០០០គម២។ ដោយសារការចាប់ផ្តើមផលិតកម្មសាកល្បងដំបូងនេះ ប្លុក A ត្រូវបានប្រែក្លាយជាប្លុកប្រេងកាតដែលមានការបញ្ជាក់ច្បាស់លាស់ពីលទ្ធភាពផលិតប្រេងរបស់ខ្លួន ដូចគ្នានិងប្លុកប្រេងកាតមួយចំនួនទៀតនៅក្នុងតំបន់នេះ ផ្ទុយគ្នានិងស្ថានភាពពីមុន ដែលកម្ពូជា ត្រូវបានគេចាត់ទុកថាជាតំបន់ថ្មីស្រឡាង ដែលមានកម្រិតហានិភ័យខ្ពស់»៕

Loading...