សោកស្តាយ! សត្វ​ស្លាបប្រមាណ ១៦០ ប្រភេទ​នៅ​បឹងធម្មជាតិ «ពារាំង» រត់ទៅកន្លែង​ផ្សេងស្ទើរអស់

58

សត្វ​ស្លាប​ចម្រុះ​ប្រហែល ១៦០ ប្រភេទ​នៅ​បឹងធម្មជាតិ «ពារាំង» ស្ថិតនៅសង្កាត់ជ្រាវ ភាគខាងត្បូងទីក្រុងសៀមរាប ចំនួន​ ៩៥ ភាគរយ​បាន​ផ្លាស់ទី​ចេញ​ទៅកន្លែង​ផ្សេង ព្រោះ​តែ​កត្ដារីងស្ងួត ការឆេះព្រៃលិចទឹក​ជាដើម នៅរដូវប្រាំង ដែលធ្វើឱ្យបាត់បង់នូវទីជម្រក​របស់​សត្វស្លាបដែលធ្លាប់រស់នៅ​និងរកចំណីក្នុងបឹងនេះ។ នេះ​បើ​តាម​ការចំផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំងបានឱ្យដឹងថា សត្វ​ស្លាប​​ដែលបានមករស់នៅក្នុងបឹងពារាំងកន្លងមកនេះ មានចំនួនកើនឡើងរាប់រយ រាប់ពាន់ ក្បាល ដោយសារតំបន់នេះ ពួកវាងាយស្រួលរកចំណី នៅក្នុងបឹងនៅពេលដែលទឹក​បាន​ស្រកចុះ ហើយហ្វូងសត្វទាំងនេះ ត្រូវបានក្រុមអ្នកអភិរក្សការពារយ៉ាងល្អ។

លោកបាន​បន្ដថា កាលពីឆ្នាំ២០១៥ អង្គការការពារសត្វ អូសស្មូ បានរកឃើញថា សត្វស្លាបនៅបឹង​ពារំាងនេះមានតែ ១ ឬ២ប្រភេទប៉ុណ្ណោះ។ ប៉ុន្ដែសម្រាប់នៅឆ្នាំ២០១៩ បានកើនឡើងមាន​ប្រមាណ​ជាង១០០ប្រភេទ ខណៈដែលពេលនោះព្រៃលិចទឹក ក៏កំពុងរក្សាការពារបាន​ល្អ​ប្រសើរនៅក្នុងបឹងនោះផងដែរ។

លោកបានបញ្ជាក់ដែរថា ដើម្បីឱ្យសត្វស្លាបមករស់នៅតំបន់នេះ​ច្រើន​ឡើងវិញ អាជ្ញាធរចាំបាច់ត្រូវរៀបចំស្តារ ឬជីកស្រះដើម្បីរក្សាទឹកទុកនៅរដូប្រាំង និង​បង្កើន​ធន​ធានមច្ឆាជាតិ សម្រាប់ជាពូជផង និងសម្រាប់ជាចំណីសត្វផង និងបង្កើនការការ​ពារព្រៃលិចទឹកមិនឱ្យមានការកាប់បំផ្លាញ និងត្រូវភ្លើងឆេះនារដូវប្រាំង។ ដើម្បីឱ្យសម្បូរត្រី និងសត្វស្លាបមករស់នៅ​ទីនេះ​ច្រើន​ឡើង​វិញ អាជ្ញាធរខេត្តមានគម្រោងជីកស្តារស្រះនៅតំបន់នេះ​នៅលើផ្ទៃដី១០​ហិកតា៕

Loading...