ថៃ​ធ្ងន់ករ ផ្ទុះឆ្លងវីរុស​ប្រភេទ​ថ្មីសាហាវពីអង់គ្លេស ២៤ ករណី​ក្នុង​ក្រុង​បាំងកក ដល់​ថ្នាក់​ជិត​​ប្រកាស​អាសន្ន​​

238

ថៃ​កាន់តែ​ធ្ងន់ធ្ងរពេលនេះ​បានរកឃើញ​អ្នក​​ឆ្លង​កូវីដ ១៩ ប្រភេទថ្មី B.1.1.7 ដែល​មានប្រភពដំបូងពីប្រទេស​អង់គ្លេសចំនួន ២៤ ករណី ដែល​នេះ​ចាត់ទុកថា​ជា​ការ​ផ្ទុះ​ឆ្លង​វីរុសថ្មីដំបូង​ក្នុងសហគមន៍​ក្នុង​ប្រទេស​ថៃ។

ការ​ឆ្លង​វីរុសកូវីដ ១៩ ប្រភេទថ្មីជាចង្កោម​រហូត​ដល់ ២៤ ករណី​នេះ ផ្ទុះ​ឡើង​នៅតំបន់កម្សាន្ត បារ និង​ក្លឹប​នៅទីក្រុង​បាំងកក ដែលធ្វើឱ្យ​បណ្តាក្លឹបទាំងនោះ​ជិត ២០០ ត្រូវ​បិទ​បណ្តោះអាសន្ន​រយៈពេល ២ សប្តាហ៍។

លោក Yong Poovorawan មន្រ្តីជំនាញផ្នែកវីរុសនៅ​សាកលវិទ្យាល័យជុឡាឡុងកនបានអះអាងថា «យើងបានធ្វើគ្រប់យ៉ាងដើម្បីបញ្ឈប់ការ​រាតត្បាត តែ​វា​នៅ​តែ​កើតឡើងបាន។ វីរុស​ថ្មី​នេះពិត​ជា​កាចសាហាវនិង​ឆ្លង​លឿន​ខ្លាំង​ណាស់ ដោយវា​អាច​ចម្លងបាន​លឿនជាងវីរុសធម្មតា ១,៧ ដងឯណោះ។»

នៅថ្ងៃ​ព្រហស្បត្តិ៍នេះ ថៃ​រកឃើញ​អ្នកឆ្លង​កូវីដ ១៩ សរុប ៣៣៤ ករណី (គ្មានស្លាប់) ដែលធ្វើឱ្យចំនួន​ឆ្លង​សរុប​ដល់ទៅ ២៩ ៩០៥ ករណីនិង​ស្លាប់សរុប ៩៥ នាក់។

ទីក្រុង​បាំងកក ​អាច​​ត្រូវ​បាន​ប្រកាស​ជា​តំបន់​អាសន្ន​ពណ៌ក្រហមដោយ​សារ​តួលេខ​ឆ្លង​កូវីដ ១៩ យ៉ាងក្តៅគគុក​នៅតំបន់​នេះ ក្រោយ​ផ្ទុះ​ការ​ឆ្លង​ជា​ចង្កោម​នៅ​តំបន់បារនិង​ក្លឹបកម្សាន្តគួរ​ឱ្យ​បារម្ភខ្លាំងថ្មីៗនេះ ដល់ថ្នាក់គណៈមន្រ្តីជាន់ខ្ពស់ក៏រកឃើញឆ្លងដែរ៕

Loading...