រដ្ឋាភិបាល ប្រកាស​បិទ​ការ​ធ្វើដំណើរ​ឆ្លង​ខេត្ត​ទូទាំងប្រទេសពីថ្ងៃស្អែកតទៅរយៈ​ពេល ១៤ ថ្ងៃ

109

រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញ​សេចក្តី​សម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បី​ទប់ស្កាត់ការ​ឆ្លងរីករាលដាលនៃវីរុស​កូវីដពីតំបន់មួយទៅតំបន់មួយ។

យ៉ាងណាមិញ សម្រាប់តំបន់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។

ការ​លើកលែង​ចំពោះ​ការ​ធ្វើដំណើរ​ឆ្លង​ខេត្ត​បាន​សម្រាប់តែ​ចំពោះ៖
@ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
@ ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
@ ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
@ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជន
@ រថយន្តពន្លត់អគ្គិភ័យ
@ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
@ ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
@ ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ
@ ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

Loading...