ញាក់សាច់!​ Toyota ប្រើ​គ្រប់វិធី​ផ្តួល​គូរប្រជែងនៅអាមេរិក​យ៉ាងសាហាវ ទម្រាំ​ឱ្យ Lexus ឈរជើងល្បីដូចសព្វថ្ងៃ

274

មុន​ពេលជោគជ័យ​លើ​ត្រកូល Lexus នៅ​ទឹក​ដី​អាមេរិក អំឡុង​ឆ្នាំ ១៩៨០ ក្រុមហ៊ុន Toyota បាន​យុទ្ធសាស្រ្តឆ្លាតវៃ​ តស៊ូ និង​ចាយ​លុយ​យ៉ាង​ច្រើន ដើម្បី​វាយ​យក​ចំណែក​ទីផ្សារ​ពីក្រុមហ៊ុនរថយន្តធំៗ​មាន BMW, Cadillac និង Mercedes ជាដើម។

បើ​តាម​អត្ថបទ ១៦ ទំព័ររបស់ Colombia Business School ចេញ​ផ្សាយ​កាលពីឆ្នាំ ២០០៥ បាន​សរសេរ​ថា នៅ​អំឡុង​ឆ្នាំ ១៩៨០ Toyota បានចាប់ផ្តើម​ផលិត​ត្រកូល Lexus ដំបូង​គេ ដែល​កាលនោះ​គ្រាន់តែ​ឡានគំរូ Lexus ម៉ូដែល​ដំបូងមាន​ដល់ទៅ ៤៥០ គ្រឿង ហើយ​ប្រើវិស្វករជំនាញ ១ ៤០០ នាក់ និង​អ្នកជំនាញ​បច្ចេកទេស ២ ៣០០ នាក់ ដោយរយៈ​ពេល​ផលិតដល់ទៅ ៦ ឆ្នាំ និង​ចាយប្រាក់ច្រើនសន្ធឹក​ដល់ទៅ ១ ពាន់លានដុល្លារ។

អ្វី​ដែល​សំខាន់ពេល​នោះ ប្រធានក្រុមហ៊ុនឡាន Toyota បាន​បញ្ជាឲ្យបុគ្គលិកទាំងអស់ប្រើលុយកាន់តែច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបាន Lexus មានគុណភាពទៅវាយយកទីផ្សារអាមេរិក។ ដើម្បី​អាច​ផលិត​បាន​ Lexus ប្រណីត​មាន​គុណភាព​បាន ក្រុមហ៊ុន​នេះ​បាន​យករថយន្តរបស់​គូរប្រជែងច្រើន​គ្រឿង​មកដោះមើលជារាប់លានបំណែក ដើម្បីដឹងថារថយន្តនោះផលិតដោយរបៀបណាហើយផលិតអស់ថ្លៃប៉ុន្មាន។

លើស​ពីនេះ​ក្រុមហ៊ុន​បាន​ចុះ​ស្រាវជ្រាវទីផ្សារជា​សម្ងាត់​ ដើម្បី​ដឹង​ថា​តើ​ពលរដ្ឋអាមេរិកត្រូវការអ្វី​ជា​ចាំបាច់​ពេលទិញឡានជិះ។ ក្រុមការងារ Toyota បាន​ចុះ​ទៅ​ស៊ើប​នៅ​ទីកន្លែងចត​រថយន្ត​នៅតាម​ហាង ភោជនីយដ្ឋាន និង​ហ្ការ៉ាស់ផ្សេងៗ។​ ជាលទ្ធផល​ក្រុមការងារ​បាន​រកឃើញថា ចំពោះ​ពលរដ្ឋ​អាមេរិក​ដែល​ជិះឡាន​ម៉ាកទំនើបៗដូចជាត្រកូល BMW 7 Series នឹង​អនុញ្ញាតឲ្យ​ចត​នៅ​ខាង​មុខគេ​ក្បែរ​ច្រកចេញ តែ​បើជិះឡានថោកៗ​មិនសូវល្បីត្រូវ​ទៅចត​នៅ​ខាង​ក្រោយ​គេក្បែរ​ធុងសម្រាមជាដើម។

ក្រោយរកឃើញ​បញ្ហាថាពលរដ្ឋ​អាមេរិក​ភាគច្រើន​គិត​លើ​ម៉ាកឡានពេលទិញជិះ Toyota ក៏សម្រេច​ចិត្ត​ផលិត​ឡាន Lexus ដែល​មាន​ល្បឿនលឿន​ដល់ទៅ ២៥០ គ.ម/​ម៉ោង លឿនជាង​ត្រកូល BMW 7 Series ឬ S Class របស់ Mercedes ហើយ​មានទំងន់ស្រាលជាង និង​ស៊ីសាំង​តិចជាងរថយន្តទំនើបៗទាំង​អស់នោះ ពិសេសធូរថ្លៃ​ជាង​ដល់ទៅ ៣ ម៉ឺនដុល្លារ​ឯណោះ។

អំឡុងពេល Toyota សម្ងំ​ផលិត Lexus ទំនើបដំបូងគេ ក្រុមហ៊ុនឡានអាមេរិកធំៗមិនសូវខ្វល់ហើយឡានថ្មីៗដែល​ពួកគេ​ផលិត​ឡើង​ដូររាងតិចតួចហើយមិនសូវ​មានបច្ចេកវិទ្យាថ្មី តែតម្លើងថ្លៃរាល់ឆ្នាំ។ ជា​ច្រើន​ឆ្នាំ​ ទីបំផុត Toyota ជោគជ័យ​ក្នុង​ការ​លក់ Lexus នៅទីផ្សារ​អាមេរិក​បានយ៉ាងច្រើនគ្រឿង ពិសេស​គឺ​ការ​ណែនាំ​ស៊េរិឡាន SUV ត្រកូល RX។

បន្ថែម​ពីនេះ Toyota តែង​ព្យាយាមធ្វើ​ឲ្យ​ម៉ាករថយន្ត Lexus ល្បី (Branding) ដោយធ្វើ​ឲ្យ​ពលរដ្ឋអាមេរិកគិតថា Lexus ពុំមែនជាម៉ាកឡានជប៉ុនឡើយ រីឯតាម​កន្លែង​ហ្ការ៉ាស់ថែទាំរថយន្តរបស់ Toyota វិញ តែង​តែ​ដាក់កញ្ចក់មើលធ្លុះ ដើម្បី​ឲ្យ​ម្ចាស់ឡានអាចមើលឃើញសកម្មភាព​ជាង​កំពុង​ជួសជុលរថយន្តរបស់ពួកគេយ៉ាងម៉េចខ្លះ ដែលធ្វើបែបនេះនាំឱ្យ​អតិថិជនកាន់តែ​មានទំនុកចិត្ត។ បើ​និយាយពីតាម Showroom របស់ Lexus វិញ មិនដែល​មាន​តុអង្គុយស្រួលបួលទេ ដោយក្រុមហ៊ុន​ដាក់តែ​កៅអីអង្គុយហូបកាហ្វេមួយភ្លែតៗប៉ុណ្ណោះ ដើម្បីចៀសវាង​ការ​តថ្លៃបែកពពុះមាត់ពីភ្ញៀវ។

ក្រោយរង់ចាំ​អស់ជាច្រើន​ឆ្នាំ ទើប Toyota សម្រេច​ចិត្ត​នាំត្រកូល Lexus មក​ប្រទេស​ជប៉ុន​ជា​លើក​ដំបូ​ង ដោយហេតុផល​ថា​ក្រុមហ៊ុន​ចង់ធ្វើ​ឱ្យ Lexus ក្លាយជា​ម៉ាករថយន្តល្បីជោគជ័យ​លើទីផ្សារ​ពិភពលោក​សិន៕

អត្ថបទដោយ៖ រតនា

Loading...