

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសមួយទៀតដោយបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។
ការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួន ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានពិនិត្យ និងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ក្នុងសហគមន៍កម្ពុជានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩។
ដូចនេះគិតត្រឹមថ្ងៃទី២៣ កុម្ភៈ នេះអ្នកជំងឺកូវីដ១៩ នៅកម្ពុជាបានកើនឡើងអ្នកឆ្លងកូវីដ១៩សរុបចំនួន ៥៩៣នាក់ (ក្នុងនោះមានស្រី២៣១នាក់ បុរស៣៦២នាក់) និងអ្នកព្យាបាលជាសះស្បើយបានកើនឡើងដល់ ៤៧៥ នាក់ (ក្នុងនោះស្ដ្រី ១៦៨នាក់ បុរស ៣០៧ នាក់) ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺមានសរុបចំនួន ១១៦ នាក់ (ក្នុងនោះមានស្រ្ដី ៦២ នាក់ និងបុរស ៥៤ នាក់។