

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងសារជាសំឡេងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយព្រមានអំពីការផ្ទុះកូវីដ១៩ ក្នុងជួរកងទ័ព ក្រោយមានករណីវេជ្ជបណ្ឌិត បានព្យាបាលអ្នកឆ្លងកូវីដ១៩ ហើយវេជ្ជបណ្ឌិតរូបនោះបានទៅបង្រៀនពេទ្យយោធាក្នុងទីតាំងមួយចំនួន។
តាមសារសំឡេង សម្ដេច ទៀ បាញ់ បាននិយាយថា៖ បញ្ហាមួយដែលសំខាន់ជាងគេបំផុត ដោយសារវេជ្ជបណ្ឌិតម្នាក់ ដែលគាត់មានបើកគ្លីនីក ហើយគាត់ព្យាបាលអ្នកដែលកើតកូវីដ១៩ ឥឡូវវាមានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើងនៅ ខាងកាំភ្លើងធំផង សាលាបច្ចេកទេសផង ត្រូវដាក់ចត្តាឡីស័កទាំងអស់។ មុនបង្អស់គឺយកម្នាក់ហ្នឹង វេជ្ជបណ្ឌិតម្នាក់ដែលបានទៅបង្រៀន គឺយកមកភ្លាម យកទៅឃុំ ត្រួតពិនិត្យយកសំណាក។ បើសិនគាត់ឆ្លងមែនទែន គឺថាយើងកុនមែនទែនហើយ គឺវេជ្ជបណ្ឌិតយើងទាំងអស់ គឺឱ្យផ្អាកទាំងអស់ ធ្វើចត្តាឡីស័កទាំងអស់ នៅកន្លែងកាំភ្លើងធំ នៅវិទ្យាស្ថានតេជោបច្ចេកទេស សាលាត្មាតពងអីហ្នឹង គឺយកទៅដាក់ចត្តាឡីស័កទាំងអស់។ រឿងនេះរឿងធំណាស់៕