តស៊ូ​ ៥ ឆ្នាំ ទីបំផុត​ Toyota ផ្តួល Volkswagen ជោគជ័យ​​ ដណ្តើមបាន​តំណែង​លេខ ១ លើ​លោក

80

ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ជប៉ុន Toyota បាន​វ៉ាដាច់​ក្រុមហ៊ុន​អាល្លឺម៉ង់ Volkswagen ដណ្តើមបាន​តំណែង​លេខ ១ លើ​ពិភពលោក​ដែល​បាន​លក់​រថយន្ត​ដាច់​ច្រើន​ជាង​គេក្នុង​ឆ្នាំ ២០២០ ទោះបី​កូវីដ ១៩ វាយប្រហារ​ផែនដី​យ៉ាង​ដំណំ​យ៉ាង​ណាក្តី។

ក្រុមហ៊ុន Toyota បញ្ជាក់​ថា ខ្លួន​លក់​រថយន្តបាន​​ ៩,៥៣ លាន​គ្រឿង​ទូទាំង​ពិភពលោក​កាលពីឆ្នាំ​មុនស្រប​ពេល Volkswagen លក់បាន ៩,៣១ លាន​គ្រឿង។ តួលេខ​របស់​ Toyota ​នោះ​បាន​រួម​បញ្ចូល​ទាំង​ចំនួន​លក់ពីក្រុមហ៊ុន​ដៃជើង​របស់​ខ្លួន​ដូចជា Daihatsu Motor Co. និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹក​ទំនិញធន់ធ្ងន់ Hino Motors Ltd., ផងដែរ។ ត្បិត​ថា​បាន​តំណែង​លេខ ១ មែន តែ​តួលេខ​លក់ទូទាំងពិភពលោក​របស់​ Toyota មាន​ការ​ធ្លាក់ចុះ ១១,៣ ភាគរយ​កាល​ពីឆ្នាំ ២០២០ រីឯ Volkswagen ធ្លាក់ចុះ ១៥,២ ភាគរយ។

Toyota រង​ការ​ប៉ះទង្គិច​ពី​កូវីដ ១៩ មិន​សូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ ស្រប​ពេល​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​លើ​ពិភពលោក​រង​ព្យុះភ្លៀង​ដោយសារ​វីរុស​រាតត្បាតសាកលស្ទើរ​ស្លាប់ស្ទើររស់។ ក្រុមហ៊ុន​ម៉ាកល្បីដាច់គេ​របស់​ជប៉ុន​មួយនេះ អាច​យក​លេខ ១ ដោយសារ​ចំនួន​លក់នៅ​ទីផ្សារ​ចិន​និង​អាមេរិក​មានសន្ទុះកើនឡើង រីឯ Volkswagen វិញ​ដែល​ជា​ក្រុមហ៊ុន​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​អ៉ឺរ៉ុបត្រូវ​រងការ​ខាតបង់ធ្ងន់ធ្ងរ។

តាំង​ពីឆ្នាំ ២០១៥ មក Volkswagen តែ​ងឈរ​នៅ​តំណែង​លេខ ១ តែ​អកុសល ឆ្នាំ ២០២០ ត្រូវ​ Toyota វាទទីយក​ដំណ្តើម​លេខ ១។ យ៉ាង​ណា​មិញ Volkswagen កំពុង​ត្រៀម​យុទ្ធសាស្រ្ត​ដណ្តើម​តំណែង​លេខ ១ ពី Toyota មក​វិញ​នៅ​ឆ្នាំ ២០២១​ នេះ ដោយបាន​សស្រាក់សស្រាំពន្លឿន​ការ​ផលិត​រថយន្ត​អគ្គិសនី ខណៈ​ដែល​​ Toyota ក៏​អះអាង​ថា​ខ្លួន​មាន​យុទ្ធសាស្រ្ត​គ្រប់គ្រាន់​ក្នុង​ការ​ឈរ​នៅតំណែង​លេខ ១ នេះ​រហូតដល់ឆ្នាំ ២០២៥ ឯណោះ៕

Loading...