

ក្រុមអ្នកជួយរុករកនិងជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃអាទិត្យទី ១០ មករា ឆ្នាំ ២០២១ បានទទូចឲ្យក្រុមគ្រួសារជនរងគ្រោះដែលធ្វើដំណើរតាមយន្តហោះ Boeing 737-500 ដឹកអ្នកដំណើរសរុប ៦២ នាក់ ផ្តល់នូវ DNA របាយការណ៍សុខភាពវិជ្ជសាស្រ្ត ដើម្បីឲ្យដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះកាន់តែលឿន។
ការអំពាវនាវដូច្នេះក្រោយក្រុមអ្នកជួយរុករកនិងជួយសង្គ្រោះបានអះអាងថា យន្តហោះ Boeing 737-500 ពិតជាបានធ្លាក់ចូលសមុទ្រពិតមែន បន្ទាប់ពីរកឃើញបំបែកយន្តហោះមួយចំនួននៅក្នុងសមុទ្រ។
តាមការបញ្ជាក់របស់អាជ្ញាធរឥណ្ឌូនេស៊ី យន្តហោះប្រភេទ Boeing 737-500 របស់ក្រុមហ៊ុន Sriwijaya Air មានអាយុកាល ២៦ ឆ្នាំ ដោយបានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា ឆ្ពោះទៅចុះចតនៅអាកាសយានដ្ឋាន Pontianak ស្ថិតនៅក្នុងខេត្ត Kalimantan ភាគខាងលិចប្រទេស តែត្រូវបាត់ដំណឹងនៅម៉ោង ២:៤០នាទីរសៀល (ម៉ោងឥណ្ឌូនេស៊ី) ខណៈពេលហោះនៅរយៈកម្ពស់ ៣ គីឡូម៉ែត្រលើអាកាស។
ពាក់ព័ន្ធរឿងប្រភេទយន្តហោះ Boeing 737 នេះ ពិភពលោកធ្លាប់បានខ្លាចរអារជាខ្លាំង ដោយកាលពីឆ្នាំ ២០១៨ យន្តហោះរបស់ Boeing 737 ជើងហោះហើរលេខ Flight 610 របស់ក្រុមហ៊ុនឥណ្ឌូនេស៊ី Lion Air បានធ្លាក់ចូលសមុទ្រ ដោយបានសម្លាប់មនុស្ស ១៨៩ នាក់។ បន្ទាប់ពីនោះប៉ុន្មានខែពោលគឺនៅឆ្នាំ ២០១៩ យន្តហោះ Boeing 737 ជើងហោះហើរលេខ Flight 302 របស់ប្រទេសអីត្យូពៀរ បានធ្លាក់និងសម្លាប់មនុស្សលើយន្តហោះ ១៥៧ នាក់។ ហេតុការណ៍នេះ ត្រូវបានរាយការណ៍ថាសុទ្ធតែកើតឡើងមកពីកំហុសបច្ចេកទេសនៃប្រព័ន្ធបញ្ជារបស់យន្តហោះ ដោយបញ្ជាឲ្យក្បាលយន្តហោះដាំក្បាលចុះខុសប្រក្រតីគ្រប់គ្រងលែងបានរហូតដល់ធ្លាក់តែម្តង៕