ជប៉ុន​ជួយកម្ពុជា អភិវឌ្ឍកំពង់ផែសមុទ្រ​ក្រុង​ព្រះសីហនុ ឲ្យ​កាន់តែ​ទំនើប

0
1103

ជប៉ុន​បាន​ប្រកាស​ថា ខ្លួន​នឹង​​ជួយ​កម្ពុជា ពន្លឿន​ការ​អភិវឌ្ឍកំពង់ផែសមុទ្រ​ក្រុង​ព្រះសីហនុ ឲ្យ​កាន់តែ​ឆាប់រហ័ស​និង​ទំនើបបន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីកចម្រើន។

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីនូឈី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសបន្តជួយគាំទ្រក្នុងការជួយសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយការសិក្សារួមបញ្ជូលរវាងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទៅក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។

ការប្រកាសបន្តជួយនេះ ធ្វើឡើងនៅពេល​លោក​ បាន​​ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក​បញ្ជាក់​​បន្ថែមថា រដ្ឋាភិបាលជប៉ុននឹងជួយរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងភ្នំពេញ និងការពន្លឿនការរៀបចំកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន (Double Taxation Agreement) ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីមិត្តជប៉ុន ចំពោះគំនិតផ្តួចផ្តើមក្នុងការជួយសិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែ ដោយជប៉ុនផ្តល់ជំនួយបច្ចេកទេស ក្នុងការសិក្សារៀបចំផែនការមេនេះ ហើយ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​នឹងពិភាក្សា​រួម​គ្នា​ ដើម្បី​ចៀសវាងនូវការសិក្សាជាន់គ្នា ដោយសារបច្ចុប្បន្នមានប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន បាន និង កំពុងជួយកម្ពុជាសិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់នេះ៕

ដោយ៖ រតនា

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានជាតិ

ផ្តល់មតិយោបល់