សប្បាយ​ចិត្ត! ​ធ្វើ​តេស្ដ​លើក​ទី​៣ ​អ្នក​ពាក់​ព័ន្ធ​ព្រឹត្ដិការណ៍​៣​វិច្ឆិកា​អត់​មាន​ឆ្លង​កូវីដ​១៩​ទេ​

39

​ក្រសួងសុខាភិបាលបានប្រកាសថា លទ្ធផលធ្វើតេស្ដលើកទី៣ លើសំណាកចំនួន១១៩៥នាក់ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា «អវិជ្ជមានទាំងអស់»។ លទ្ធផលនេះចេញដោយវិទ្យាស្ថានប៉ាស្ទ័រ។

ចំពោះសំណាកនៅសល់ចំនួន១០៥ទៀត វិទ្យាស្ថានប៉ាស្ទ័រ នឹងបន្តពិនិត្យនៅថ្ងៃស្អែកទៀតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើតាមរបាយការណ៍ និងការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជំរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញ សម្តេចទាំងអស់នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទទួលបានលទ្ធផល «អវិជ្ជមាន»។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់ពាក់ព័ន្ធនឹងមេរោគកូវីដ១៩។

Loading...