NASA រើស​អ្នក​អវកាស ១២ នាក់ តែ​បេក្ខជន​ដាក់ពាក្យ​ដល់ជិត​ ២ ម៉ឺន​ ប្រាក់​ខែ​ដំបូងជាង ៦ ម៉ឺន​ដុល្លារឡើង

31

មាន​មនុស្ស​ជាច្រើន​មាន​ក្តី​សុបិន្ត​ចង់​​ក្លាយ​ជា​អ្នក​អវកាសរបស់អង្គការ NASA ឬក្រុមហ៊ុន Space X របស់​អាមេរិក តែ​មាន​តិច​នាក់​បំផុត​ដែល​អាច​សម្រេច​ក្តី​សុបិន្តដោយត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើការ​នៅ​ក្រុមហ៊ុនអវកាស​យក្ស​ពិភពលោក ឯប្រាក់ខែ​វិញរាប់ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការងារអវកាសរបស់ពួកគេ។

ដើម្បី​ក្លាយ​ជា​អ្នក​អវកាស​ម្នាក់ ពុំ​មែនជារឿង​ងាយស្រួលនោះ​ទេ រឹត​តែ​ពុំ​បាច់គិត​រឿង​ការ​ដាក់ពាក្យ​ធ្វើនៅ NASA ឬក្រុមហ៊ុន Space X នោះទេ។ បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Business Insider បេក្ខជន​ដែល​អាច​ក្លាយ​ជា​អ្នកអវកាសធ្វើការ​នៅ​ក្រុមហ៊ុនយក្ស​​អាមេរិក​បាន ចាំ​បាច់ត្រូវ​បញ្ចប់ថ្នាក់បរិញ្ញាបត្រខាង វិទ្យាសាស្រ្ត វិស្វកម្ម ឬ គណិតវិទ្យា និង​មាន​បទពិសោធន៍​វិជ្ជាជីវៈ ៣ ឆ្នាំ ឬ​ ១ ០០០ ម៉ោង​សម្រាប់​បើក​យន្តហោះ ថែម​ទាំងត្រូវ​មាន​ការគិតកម្រិត​ខ្ពស់​ថែមទៀតផង។

ប្រភព​ដដែល​បញ្ជាក់ថា កាល​ពី​ឆ្នាំ ២០១៧ NASA បាន​បើក​ឲ្យ​បេក្ខជន​​ដាក់ពាក្យធ្វើការជា​អ្នកអវកាស ដោយពេល​នោះមាន​មនុស្សដាក់ពាក្យ​ដល់ ១៨ ៣០០ នាក់ តែ​ត្រូវ​ជ្រើសរើស​តែ ១២ នាក់​ប៉ុណ្ណោះ បើ​គិតជាភាគរយ​បាន​តែ​ ០,០៦ភាគរយប៉ុណ្ណោះ។ នេះ​អាច​និយាយ​បាន​ថាការ​ដាក់ពាក្យ​ធ្វើការ​ជា​អ្នកអវកាស​ គឺ​ពិបាក​ជាង​ការ​ប្រឡង​ចូល​រៀននៅសាកលវិទ្យាល័យ​លំដាប់ពិភពលោក Harvard ដល់ទៅ ៧៤ ដង​ឯណោះ។

យ៉ាង​ណាមិញ អ្នក​អវកាស​របស់​អាមេរិកម្នាក់ៗ​ទទួល​បាន​ប្រាក់ខែរាប់ម៉ឺនដុល្លារ​ទៅតាមកម្រិត​សមត្ថភាព​ជំនាញ​របស់​ពួកគេ។ ប្រាក់ខែ​របស់​អ្នកអវកាស​ត្រូវ​គិតពីលំដាប់ថ្នាក់ GS-12 ដល់ GS-13 ដែលផ្តោតសំខាន់​លើ​បទ​ពិសោធន៍ការងារ​និង​កម្រិត​សិក្សារបស់ពួកគេ​ម្នាក់ៗ រួម​ទាំង​ចំណាត់ថ្នាក់ Step ពី ១ ដល់ ១០ សម្រាប់​បុគ្គលិកម្នាក់ៗ។

អ្នកអវកាស​ថ្មីជាមួយចំណាត់ថ្នាក់ GS-12 និង Step 1 ទទួល​បានចំណូល​ក្នុង​មួយឆ្នាំ ៦៦ ១៦៧ ដុល្លារ ហើយ​ប៉ុន្មានឆ្នាំ​បន្ទាប់ក្រោយ​បំពេញការងារបានល្អ អ្នកអវកាស​ដដែល​នោះ​នឹង​មានសិទ្ធ​បាន​​ចំណាត់ថ្នាក់ GS-12 និង Step 10 ទទួលចំណូល ៨៦ ០២១ ក្នុង​មួួយ​ឆ្នាំ។

សម្រាប់​អ្នកអវកាស​ជើងចាស់​មាន​សមត្ថភាព​និង​បទ​ពិសោធន៍​ច្រើន​ឆ្នាំមាន​ចំណាត់ថ្នាក់ GS-13 និង Step 1 បាន​ចំណូល ៧៨ ៦៨១ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយនឹង​ឡើង​ដល់ Step 10 ឯចំណូល​ចំនួន ១០២ ២៨៨ ដុល្លារ​ក្នុង​មួយឆ្នាំឬ​អាច​លើស​នេះ​ទៀត​អាស្រ័យ​លើ​ការ​បំពេញការងារ៕

Loading...