វៀតណាម​ត្រៀម​ជម្លៀស​មនុស្សជាង ១ លាន​នាក់ គេចពី​ព្យុះកំណាច​ទីហ្វុង​វាយប្រហារ​ថ្ងៃ​ពុធនេះ

82

វៀតណាម​កំពុង​ត្រៀម​ជ​ម្លៀស​ប្រជាជន​ជិត ១,៣ លាន​នាក់ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ព្រោះ​ព្យុះ​កំណាច​ទីហ្វុង Molave នឹងវាយ​ប្រហារ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​សម្លាប់​មនុស្ស ៩ នាក់និង​រាប់ម៉ឺន​នាក់​រងគ្រោះ​នៅ​ហ្វីលីពីន។

ព្យុះ Molave មាន​ល្បឿន​ ១២៥ គីឡូម៉ែត្រក្នុង​មួយម៉ោង ដែល​ជា​ព្យុះ​ទី ៤ វាយប្រហារ​វៀតណាម​និង​បាន​សម្លាប់​មនុស្ស ១៣០ នាក់​និង ២០ នាក់បាត់ខ្លួន ហើយ​វា​ក៏​​ជា​ព្យុះទី ១៧ វាយប្រហារ​ហ្វីលីពីន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ ២០២០។

នាយករដ្ឋ​មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​និយាយ​ថា ព្យុះ​ទីហ្វុង Molave ជា​ព្យុះ​កំណាច​ដែល​នឹង​មាន​ឥទ្ធិពល​វាយប្រហារ​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ។ ​លោកទទូច​ឲ្យ​រដ្ឋបាលគ្រប់គ្រង​នៅ​តំបន់​ដែល​នឹង​រងការ​ប៉ះទង្គិចដោយសារព្យុះ​ Molave ត្រៀម​ខ្លួន​ចំពោះ​ការ​វាយប្រហារ​ដ៏​​ខាង​មុខនេះ។ ក្នុង​នោះ​ដែរលោក​បញ្ជា​ឲ្យទូក​នេសាទ និង​កង​កម្លាំង​រក្សា​សុវត្ថិភាព​ត្រៀម​ឧត្ថម្ភាគចក្រ រថក្រោះ និង​មធ្យោបាយ​ជួយ​សង្រ្គោះ​ផ្សេងៗ​ទៀតឲ្យ​រួច​ស្រេច។

វៀតណាម​ជា​ប្រទេស​ងាយ​រងគ្រោះ​បំផុត​ដោយ​សារ​​បណ្តា​ព្យុះជាច្រើនរួម​ទាំងទឹក​ជំនន់ នៅ​តាម​តំបន់​ឆ្នេរ។ មនុស្ស​យ៉ាង​ហោច​ណាស់ ១១,៨ លាន​នាក់​នៅ​តាម​បណ្តាខេត្ត​ជាប់ឆ្នេរ​សមុទ្រ ប្រឈម​នឹង​ការ​គំរាមកំហែង ដោយ​សារ​ទឹក​ជំនន់។

កាល​ពី​ថ្មីៗ​នេះវៀតណាមនិង​កម្ពុជាបាន​រងគ្រោះ​ដោយ​សារ​ព្យុះ Nangka ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រាប់សិប​នាក់ និង​គ្មាន​ជម្រក​រាប់​ម៉ឺន​នាក់៕

ដោយ៖ រតនា

ប្រភព៖ CNN

Loading...