iPhone 12 ​ប្រកាសយប់​មិញ ​ក្នុង​ប្រអប់លែង​ដាក់​កាស​និងឆ្នាំងសាកឲ្យ​ទៀត​ហើយ!

467

ទីបំផុត Apple បាន​បង្ហាញ​មុខ iPhone ជំនាន់​ក្រោយ​ជា​ផ្លូវ​ការ គឺ iPhone 12 Pro/12 Pro Max ដោយ​បំពាក់​កាមេរ៉ា​ ៤ គ្រាប់​អម​ដោយ​បច្ចេកវិទ្យាល្បឿន​អ៊ីនធឺណិតលឿន​ផុត​លេខ​ជំនាន់​ចុងក្រោយ 5G ថែមទៀតផង។ ប៉ុន្តែឆ្នាំ​នេះ Apple បាន​ដក​ឆ្នាំងសាក​រួម​ទាំង​កាស​ចេញពីប្រអប់ iPhone ជំនាន់ចុងក្រោយហើយ ដោយហតុផល​ថែរក្សា​បរិស្ថានពិសេស​គឺជៀសវាងប្រើ​សម្ភារៈ​កម្រ​ដែល​ប៉ះពាល់ដល់ផែនដីនាពេលអនាគត់។

ពិត​ជា​ដូចទៅនឹងព័ត៌មាន​បែកធ្លាយ​កន្លង​មក​មែន ដោយ iPhone 12 Pro/12 Pro Max ផ្នែក​គែម​យក​លំនាំ iPhone 5 ខណៈ​ក្បាល​ឆក (Notch) នៅរក្សា​ដដែល​មិនទាន់​ផ្លាស់ប្តូរការ​រចនា​ថ្មីឡើយ។ អេក្រង់របស់​វាទាំងពីរ​បំពាក់ដោយកញ្ចក់ប្រភេទ Ceramic Shield ដែល​រឹងមាំជាងកញ្ចក់លើកំពូលស្មាតហ្វូនលើលោកបច្ចុប្បន្ន ៤ ដង។ នេះមានន័យ​ថា វា​អាច​តស៊ូ​នឹង​ការធ្លាក់បាន ៤ ដង​ដោយមិនមានការបែកអេក្រង់ឡើយ។

iPhone 12 Pro មាន​អេក្រង់ ៦,១ អ៊ីញ និង iPhone 12 Pro Max អេក្រង់ ៦,៧ អ៊ីញ និង​បំពាក់​ឈីប​ប្រភេទ A14 Bionic រួម​នឹង​បច្ចេកវិទ្យា​កាមេរ៉ាឆ្លាតវៃ LiDAR ថ្មី​ជំនាញ​ខាង​ស្កេន​យក​ភាគល្អិត​នៃ​រូបបាន​កាន់​តែ​ច្បាស់​និង​ល្អ​ឥតខ្ចោះមិន​ធ្លាប់​មាន​លើ iPhone ជំនាន់​ណាៗ​ទាំងអស់ ហើយ​កាន់តែ​ពិសេស​វាជួយ​ឲ្យ​ការ​ថតរូប​នៅកន្លែង​មាន​កម្រិត​ពន្លឺខ្សោយបាន​យ៉ាង​ច្បាស់​ល្អ​ថែមទៀតផង។

Apple ក៏​បាន​ប្រកាស​​បច្ចេកវិទ្យាដែកឆក់សាកថ្ម​ឥតខ្សែ MagSafe សម្រាប់ភ្ជាប់ជាមួយ iPhone ជំនាន់​ចុងក្រោយបាន​យ៉ាង​ល្អ ដោយមានទាំងស្រោមការពារឆក់ច្រើនម៉ូដ​ ងាយស្រួល​ក្នុង​ការ​សាកថ្ម iPhone បានយ៉ាងងាយ។

Phone 12 Pro នឹង​ដាក់លក់ចាប់ពីតម្លៃ ៩៩៩ ដុល្លារ រីឯ iPhone 12 Pro Max ចាប់ពីតម្លៃ ១ ០៩៩ ដុល្លារ ដោយមាន​ទំហំមេម៉ូរី 128G, 256GB និង 512GB។ អតិថិជន​អាចកុម្ម៉ង់ទិញ iPhone 12 Pro បានពីថ្ងៃទី ១៦ តុលា ហើយ​ចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ២៣ តុលា តែ​សម្រាប់ iPhone 12 Pro Max អាចកុម្ម៉ង់​បាន​នៅថ្ងៃទី ៦ វិច្ឆិកា ហើយ​ដឹក​ជញ្ជូននៅថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ ២០២០៕

 

ដោយ៖ រតនា

Loading...