អរគុណណាស់ ! ជប៉ុនជួយឥតសំណង ១០ ម៉ឺនដុល្លារ សង់អគារមជ្ឍមណ្ឌលសូត្រខ្មែរដំបូងនៅកម្ពុជា សម្ភោធព្រឹកមិញនៅ RUPP

4119

អគារមជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេនៅកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

មជ្ឈមណ្ឌលសូត្រខ្មែរនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលគម្រោងជាថវិកាចំនួន ៩០,៨៣៤ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដើម្បីអនុវត្តលើគម្រោង «The Project_for Constructing Silk Center at Royal University of Phnom Penh»។

ក្នុងនោះថវិកាចំនួន ៨០,៥១៤ដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌល និងថវិកាចំនួន ១០,៣២០ដុល្លារ សម្រាប់ចំណាយ លើជំនាញការសូត្រ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។ ក្រៅពីថវិការបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា សម្រាប់សាងសង់អគារមជ្ឈមណ្ឌល ក៏ទទួលបានការជួយឧបត្ថម្ភជាសម្ភារបរិក្ខារ និងសម្ភារស្រាវជ្រាវមួយចំនួន ពីអង្គការ UNDP ផងដែរ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៦,៣០០ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានថ្លែងថា ការដាំមន ចិញ្ចឹមដង្កូវនាង មានតាំងពីយូរណាស់មកហើយ នៅក្នុងប្រទេស កម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្នដោយសារកត្ដាមួយចំនួន ដែលធ្វើឲ្យវិស័យនេះ មិនសូវមានការរីកចំរើន ជាពិសេសគឺខ្វះខាតនូវការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបែបវិទ្យាសាស្រ្ត។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ផងដែរថា វិស័យសូត្រនេះ មានសារៈសំខាន់ណាស់ និងផ្តល់ប្រយោជន៍ជាច្រើន ចំពោះប្រជាកសិករ ដូចជា៖១៖ ផ្តល់ការងារ និងប្រាក់ចំណូលបន្ថែមដល់កសិករ ២៖ ផ្តល់លទ្ធភាពឲ្យចាស់ជរា ស្រ្តី និងជនពិការអាចចូលរួមបាន ៣៖ កាត់បន្ថយចំណាកស្រុក ៤៖ មិនប៉ះពាល់ដល់បរិស្ថាន និងទី ៥៖ អភិរក្សនិងលើកស្ទួយប្រពៃណីទំនៀមទំលាប់ខ្មែរយើង។

បើតាមឯកឧត្តមឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជាបានឲ្យដឹងថា គម្រោងនេះអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកាន់តែទូលំទូលាយ។ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីកន្លែងមួយដែលភាគី ពាក់ព័ន្ធនៃឧស្សាហកម្មសូត្រទាំងរដ្ឋ និងឯកជន ដោយរួមសហការគ្នាដើម្បីស្ដារឡើងវិញនូវសូត្រខ្មែរ ហើយនិងក្លាយជានិមិត្ដរូបនៃមិត្ដភាពរវាងជប៉ុន និងកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននេះ មានគោលបំណងឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផលិតពងដង្កូវនាង ដែលគ្មានជំងឺ ហើយផ្គត់ផ្គង់ទៅដល់កសិករប្រមាណ ៥០គ្រួសារ ព្រមទាំងផ្ទេរបច្ចេកទេស ទៅដល់កសិករ ទាំងនេះដើម្បីឲ្យពួកគាត់អាចចិញ្ចឹមដង្កូវនាងប្រកបដោយស្ថេរភាព និង អាចបង្កើនប្រាក់ចំណូលទាំងកសិករ និងភាគីពាក់ព័ន្ធ នៃឧស្សាហកម្មសូត្រ៕

រាយការណ៍ និង សរសេរអត្ថបទដោយ៖ នួន សុនិត