ក្រសួង​សុខាភិបាល​ បញ្ជាក់​រឿង​បុរស​ហុងគ្រីផ្ទុកកូវីដ ១៩ រត់​គេច​ខ្លួន​ទៅ​ប៉ះពាល់ពលរដ្ឋ​ខ្មែរ​ណាខ្លះនៅសៀមរាប

633

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ​ថា បុរស​​បុរសជនជាតិហុងគ្រីអាយុ ៧០ ឆ្នាំ ដែល​រត់គេច​ខ្លួន​ពី​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅសៀមរាប​ពិតជាផ្ទុកវីរុសកូវីដ ១៩ ប្រាកដមែន។

ក្រសួងសុខាភិបាលបាន​បញ្ជាក់ថា ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសជនជាតិហុងគ្រីរូបនេះ បាន​រកឃើញនៅវេលាម៉ោងប្រហែលជាង ៩ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយបានសង្ងំនៅក្នុងផ្ទះវីឡាមួយ ក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។

ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានទៅម៉ៅតាក់ស៊ីមួយជិះម្នាក់ឯង (ឈប់ចាក់ប្រេងតែម្តងគត់នៅតាមផ្លូវ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះទេ។

ក្រោយ​មក​ដល់ខេត្តសៀមរាប បុរស​រូប​នេះ​បាន​សង្ខំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច (សរសេរសៀវភៅ)។ យ៉ាង​ណាមិញ មានតែថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូកង់បី (តុតុ) នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។ រីឯភរិយាគាត់ ដោយសារមានម្ហូបអាហារជាច្រើនក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្តងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុវត្តនូវវិធានការការពារ ដោយបានពាក់ម៉ាស់ពេលទៅកាន់ទីកន្លែងដូចបានជម្រាបជូនខាងលើ។ ចំណែកឯការរស់នៅរបស់គាត់ គឺមិនមានអ្នកផ្សេងមកប៉ះពាល់នោះឡើយ។

បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងបន្តធ្វើកិច្ចការចាំបាច់ៗ សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួងនឹងបន្តជូនព័ត៌មានដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ ប្រសិនបើមាន ពាក់ព័ន្ធទៅនឹងករណ៏ខាងលើនេះ។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្នបុរសជនជាតិហុងគ្រី ដែលរកឃើញផ្ទុកវីរុសកូវិដ១៩នេះ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួចរាល់ផងដែរ ខណៈក្រុមការងារសុខាភិបាល កំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាមួយបុរសជនជាតិហុងគ្រីនេះ បន្តទៀត៕

Loading...