អបអរ! វីរៈបុរស​កណ្តុរ​ដោះមីន ទទួល​រង្វាន់​មេដាយមាសពីអង់គ្លេស ក្រោយពលីច្រើនឆ្នាំ​ដើម្បីកម្ពុជា

448

វីរៈបុរសកណ្តុរ​ដោះមីន​មួយក្បាល​នៅ​កម្ពុជាឈ្មោះ Magawa ត្រូវ​បាន​អង្គការ PDSA របស់អង់គ្លេស​ ផ្តល់​​រង្វាន់​មេដាយមាស​មួយគ្រឿង សម្រាប់​បេសកកម្ម​ប្រថុយជីវិត​របស់​វា​ដោះគ្រាប់​មីន​នៅ​កម្ពុជា។

បើ​តាម​ការ​បញ្ជាក់របស់អង្គការ PDSA ក្នុង​រយៈ​ពេល ៧ ឆ្នាំ កណ្តុរ Magawa បាន​ហិត​រកឃើញគ្រាប់មីន​បាន ៣៩ គ្រាប់ និង​គ្រាប់មិនទាន់ផ្ទុះ ២៨ គ្រាប់ ដែល​នេះ​បានជួយសម្អាត​ផ្ទៃដីពីគ្រាប់មីន​បាន​ជាង ១៤១ ០០០ ម៉ែត្រ​ការ៉េ។

អគ្គនាយក​របស់អង្គការ PDSA លោក Jan McLouglin បាន​និយាយ​ថា Magawa ជាវីរៈបុរស​កណ្តុរដ៏អស្ចារ្យ​និង​គួរ​ឲ្យ​កោតសរសើរ​មួយលើលោក ដែល​យើង​ទាំងអស់គ្នា​រំភើប​នឹង​ប្រារព្ធ​នូវ​ការ​ផ្តល់រង្វាន់មេដាយមាស​ចំពោះ​ការពលីសង្គ្រោះជីវិត​ជាច្រើន​ ដោយសារ​ហិតគ្រាប់មីនច្រើនឆ្នាំ​មកនេះ។

Magawa ជាកណ្តុរ​មានរូបរាង​ធំជាង​សត្វកណ្តុរ​ធម្មតា តែ​យ៉ាងណាមិញ​ទំងន់​របស់វានៅស្រាល​ល្មម​អាច​វារ​លើដីកប់គ្រាប់មីន ដោយមិនមានបញ្ហាធ្វើ​ឲ្យផ្ទុះ​នោះឡើយ។ កណ្តុរ​ប្រភេទ​នេះ ត្រូវ​បាន​បង្វឹក​យ៉ាង​ម៉ត់ចត់​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ APOPO នៅប្រទេស​ប៊ែលហ្ស៉ិក ដោយវា​មានសមត្ថភាព​ពិសេស​អាច​ហិត​ដឹង​ថា​អ្វី​ជា​កម្ទេច​ដែកធម្មតា តែ​បើជាគ្រាប់មីននោះវា​នឹង​ផ្តល់សញ្ញា​ទៅដល់អ្នកជំនាញ​ដែល​កំពុង​ឃ្វាល​វា​ភ្លាមៗ។ Magawa មាន​សមត្ថភាព​ខ្លាំងនិងធ្វើការ​បានលឿន ដោយវា​អាច​សម្អាត​ផ្ទៃដី​អស់មីន​ទំហំ ២៣x៨ ម៉ែត្រ បាន​ដោយប្រើពេល​តែ ៣០ នាទីប៉ុណ្ណោះ៕

Loading...