ស្ពាន​តាម៉ុក ​នៅ​អន្លង់​វែង ​ត្រូវ​ផ្អាក​ធ្វើ​ដំណើរ​សិន​ហើយ ​ព្រោះ​ទឹក​ហូរ​ខ្លាំង​ពេក​

189

​ស្ពានតាម៉ុក​នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ផ្អាកចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្ន ដោយសារ​ស្ថានភាព​ទឹកហូរខ្លាំង។​

ស្ពានអូរជីក ឬស្ពានតាម៉ុក ស្ថិតក្នុងភូមិអូរចិញ្ជៀន ឃុំងន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយសារស្ថានភាពទឹកហូរកាត់ស្ពានមានកម្រិតខ្លាំង។ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម​ខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ថានភាព​ទឹកនៅ​ស្ពានអូរជីក ឬស្ពានតាម៉ុកក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ មានកម្ពស់ ៣.៩៥ម៉ែត្រ លើសកម្រិតប្រុងប្រយត្ន័ ដែលមានកម្ពស់ ៣.៨០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នកម្ពស់ ៤.២០ម៉ែត្រ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារកម្រិតទឹកហូរឆ្លងកាត់ស្ពានខ្លាំង ស្ពានតាម៉ុកត្រូវបានផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្នរយៈពេលខ្លី។ លោកបន្តថា សម្រាប់ខេត្តឧត្តរមានជ័យ មិនមានបញ្ហាគ្រោះទឹកជំនន់ទេ ពោលគឺកម្ពស់ទឹកខ្ពស់ តែកន្លែងស្ពានតាម៉ុកមួយទេ ក្រៅពីនេះនៅទីតាំងផ្សេងៗ គឺមានសភាពធម្មតា។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា «អាងទឹកបឹងតាម៉ុកក៏មិនមានបញ្ហាអី្វដែរ អាចទឹកហូរកាត់ស្ពាន ផ្អាកចរាចរណ៍រយៈពេលខ្លី ប៉ុន្តែឲ្យបង្កជាមហន្តរ៉ាយផ្សេងៗមិនមានទេ ហើយស្អែកនេះ ទឹកចាប់ផ្តើមស្រកហើយ»។

Loading...