ថៃ​ប្រកាស​រើសគ្រូអង់គ្លេស​និងចិន ២ ម៉ឺននាក់ មក​បង្រៀន​សិស្សឲ្យ​ខ្លាំង​ភាសាស្រួល​ប្រជែងទីផ្សារ​អាស៊ាន

22

ក្រសួង​អប់រំ​ថៃ​ កំពុង​ប្រកាស​រើស​គ្រូភាសាអង់គ្លេសជាជនជាតិដើម​ចំនួន ១ ម៉ឺន​នាក់ និងចិន ១ ម៉ឺន​នាក់ ដើម្បី​មក​បំពេញតម្រូវការ​ក្នុង​ប្រទេស​ក៏ដូចជា​ជួយជំរុញ​ដល់ការ​រៀន​ភាសាអន្តរជាតិ​នេះ​ដល់សិស្សានុសិស្ស​ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​និង​មានផ្លែផ្កាជាងដើម្បី​អាច​ប្រកួតប្រជែង​ជាមួយបណ្តាប្រទេសអាស៊ាន។

រដ្ឋមន្រ្តី​ក្រសួង​អប់រំលោក Nataphol Teepsuwan បាន​និយាយថា «តម្រូវ​ការ​គ្រូបង្រៀន​ភាសាអង់គ្លេស​នៅប្រទេស​ថៃ គឺចាំ​បាច់មែនទែន ព្រោះថា​យើង​កំពុង​តែ​ចង់ធ្វើការ​កែប្រែគុណភាព​ប្រព័ន្ធអប់រំផង។ ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ជាច្រើន​ដែល​យើង​ចង់បាន​គ្រូបង្រៀន​ភាសាអង់គ្លេស​នោះ គឺ​កាណាដា ដែល​បានបញ្ជូន​គ្រូជាច្រើនទៅជប៉ុន។»

រដ្ឋមន្រ្តីរូបនេះ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​គ្រូបង្រៀន​ភាសាអង់គ្លេស​តែ ៧ ពាន់នាក់ប៉ុណ្ណោះ ដែល​នេះ​នៅ​តែ​ជា​ចំនួន​មួយតិច​នៅខ្វះខាត​ដដែល។ ហេតុដូច្នេះ​ទើប​ក្រសួង​ត្រូវ​ការ​គ្រូបន្ថែម ១ ម៉ឺននាក់ទៀត​ទើបគ្រប់គ្រាន់។ យ៉ាងណាមិញ គម្រោង​រើស​គ្រូអង់គ្លេស​នេះ តាមត្រូវ​ក្រសួង​​ចង់ធ្វើយូរហើយ តែព្រោះតែវិបត្តិកូវីដ ១៩ ទើប​ត្រូវពន្យារពេល ហើយពេលដែល​ស្ថានការណ៍​ស្ងប់ស្ងាត់នោះ​វានឹង​ចាប់ផ្តើម។

គោលបំណងនៃ​ការ​រើសគ្រូអង់គ្លេស​ជនជាតិ​ដើមដល់ទៅ ១ម៉ឺននាក់​នេះ ដើម្បីជួយពង្រឹង​ភាសាអង់គ្លេស​ដល់សិស្ស ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មានទំនុកចិត្ត ចំណេះនិងជំនាញ​ជាប់ខ្លួន ហើយ​ម្យ៉ាងគ្រូជនជាតិ​ថៃ​ក៏អាច​រៀនភាសាអង់គ្លេស​ពីជនជាតិដើម​បានថែមទៀតផង។

ក្រៅពីគ្រូជនជាតិ​ដើមអង់គ្លេស ក្រសួង​ក៏​មានគម្រោង​រើសគ្រូជនជាតិដើម​ចិន ១ ម៉ឺននាក់​មកបង្រៀន​ភាសាចិន​ផងដែរ ព្រោះថា​ភាសានេះ​បច្ចុប្បន្នក៏ពេញ​និយម​ប្រើប្រាស់លើសាកលលោក​ផងដែរ ដើម្បី​ជួយបង្កើនធនធាន​មានសក្តានុពលសំខាន់ៗ​សម្រាប់ប្រទេសថៃនាពេលអនាគត់៕

ប្រែសម្រួល៖ រតនា

ប្រភព៖ New Straits Times

Loading...