រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ​ប្រាប់​ទៅ WHO ​ថា​កម្ពុជា​គ្រប់គ្រង Covid-19 ​បាន​យ៉ាង​ល្អ​

15

​លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​សុខាភិបាល​តាមរយៈ ប្រព័ន្ធវីដេអូ ស្ដីពី​ការគ្របដណ្ដប់​សុខភាព​ជាសកល (Universal Health Coverage) របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៉ី និង ប៉ាស៉ីហ្វិក ​ដែលមានប្រទេសជាង៣០ បានចូលរួម។

សេចក្តី​ប្រកាស​ព័ត៌មាននេះ​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការសុខភាព និងធនាគារអភិវឌ្ឍន៍អាស៉ី ចំពោះ​ការ​រៀបចំ​កិច្ច​ប្រជុំដ៏​មានសារសំខាន់នេះ។ ឆ្លៀតក្នុងឱកាសក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ក៏បាន​ចែក​រំលែក​នូវ​បទពិសោធរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់បច្ចុប្បន្ន កម្ពុជាអាចគ្រប់គ្រងបានការរីករាលដាលនៃជំងឺកូវីដ១៩ ដែល​ករណី​ទាំងអស់ សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសចូលមកកម្ពុជា ជាពិសេស​បញ្ចៀស​បាន​នូវ​ការ​ចម្លង​ចូល​សហគមន៍»។

លោកបន្តថា យុទ្ធសាស្ត្រនេះ ជាឱកាសសម្រាប់កម្ពុជាពង្រឹង និងពង្រីកសេវា សុខភាពសាធារណៈ ដើម្បីធានា​បាននូវការផ្តល់ សេវាប្រកបដោយតុណភាព និងសមភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​មូល ពោលគឺ​គ្មាននរណា​ម្នាក់ត្រូវបានទុក​ ចោលដោយមិនបានទទួលនូវសេវាថែទាំ។

Loading...