តាមវត្ត​ដូចប្រហែស​រឿងកូវីដ ១៩ ពេក ក្រសួងសុខាភិបាលដាស់តឿន​ឡើង​វិញ ក្រែង​ផ្ទុះឆ្លង​ក្នុង​សហគមន៍

41

ស្រប​ពេល​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ​ខ្មែរ​បាន​ឈាន​ចូល​ដល់វេនបិណ្ឌទី ១២ នាថ្ងៃចន្ទនេះ តាមវត្តអារ៉ាម​ជាច្រើន​នៅ​រាជធានីភ្នំពេញ​ហាក់​ពុំ​បាន​ប្រកាន់ខ្ជាប់​តឹងរឹង​នូវវិធានការណ៍ការពារវីរុស​កូវីដ ១៩ ដែល​ក្រសួង​សុខាភិបាល​ណែនាំ​នោះឡើយ។ ហេតុដូច្នេះ​ទើប លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន​ចេញសារព្រមាន​ក៏ដូចជាក្រើនរំលឹក​ដល់​ព្រះសង្ឃ យាយជី តាជី ពិសេស​ពលរដ្ឋដែល​យកចង្ហាន់ទៅប្រគេនព្រះសង្ឃ​ឲ្យ​អនុវត្តឲ្យ​បាន​ត្រឹមត្រូវ​ចំពោះវិធានការណ៍ការពារខ្លួនពីកូវីដ ១៩ បើ​មិនចង់មានករណីឆ្លង​ក្នុង​សហគមន៍។

លោកជំទាវ បាន​បញ្ជាក់ថា ទាំងអស់គ្នា​មិនត្រូវ​មើលស្រាល​លើស្ថានការណ៍​កូវីដ ១៩ នៅកម្ពុជា​ឡើយ ដោយ​ត្រូវ​បន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការការពារសាមញ្ញៗដូចជា៖

ទី១ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃ ដែលមិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ និងត្រូវឆាន់ ឬពិសាទឹកក្តៅដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អ។ ទី២ ពាក់ម៉ាស ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាសជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗទៅតាមក្រុមគ្រួសារនីមួយៗ) និងពេលសម្តែងព្រះធម៌ទេសនា។ ទី៣ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល យ៉ាងតិចចម្ងាយពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត មួយម៉ែត្រកន្លះឡើងទៅ។ ទី៤ ទាំងព្រះសង្ឃ ឬបុគ្គលដែលឈឺ ជាពិសេសអ្នកដែលមានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារាម ដែលអាចបង្កឱ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងទី៥ ប្រុងប្រយ័ត្នខ្ពស់ពីការពុលចំណីអាហារ ការពុលស្រាស ដែលប្រើប្រាស់សារធាតុមេតាណុលពុំត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចៀសវាងការសេពគ្រឿងញៀន។

ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃនេះបាន​ចេញសេចក្តីប្រកាស​ថា ពុំមានករណីវិជ្ជមានថ្មីនោះទេ ដែលធ្វើឱ្យករណីសរុបទូទាំងប្រទេសមានចំនួន ២៧៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៧៤នាក់ និងកំពុងសម្រាកព្យាបាល ០១នាក់៕

ដោយ៖ រតនា

Loading...