ធនាគារ ADB ផ្តល់កម្ចីជិត ១២៨ លានដុល្លារ ជួយកម្ពុជាសង់បណ្តាញបញ្ជូនអគ្គិសនីឲ្យកាន់តែប្រសើរ

22

ធនាគារ​អភិវឌ្ឍអាស៊ី ADB បាន​ផ្តល់កម្ចីដល់កម្ពុជា​ចំនួន ១២៧,៨ លាន​ដុល្លារ ដើម្បី​យក​មកសាងសង់បណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនីនៅ​កម្ពុជា​នាពេលអនាគតឲ្យកាន់តែប្រសើរ។​ នេះ​បើ​តាមការចុះផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

គម្រោង​នេះ នឹង​ជួយ​​ឱ្យ​រាជធានី​ភ្នំពេញ និង​ខេត្ត​ ៣ ផ្សេងទៀត​របស់​​​កម្ពុជា ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថេរភាពនិង​ភាពទុកចិត្ត។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​លើកឡើងថា «​គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្តរួម​នឹង​ជំនួយរបស់​ ADB ដល់​ប្រទេស​កម្ពុជា​ក្នុង​ការរៀបចំ​ផែនការ​បណ្តាញ​ថាមពល បង្ហាញថា​ការផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់​ គួរ​ឲ្យ​​ទុកចិត្តបាន និង​មាន​និរន្តរភាព​ដល់​បរិស្ថាន នឹង​អាច​ផ្តល់​ជូន​ក្នុងតម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់ការ​អភិ វ​ឌ្ឍ​ប្រកបដោយ​សមធម៌​»។

សេចក្តីថ្លែងការណ៍​របស់ ADB បន្ថែម​ថា ​គម្រោង​នេះ​នឹង​ជួយ​ដល់​អគ្គិសនី​កម្ពុជា​(EDC) ក្នុង​ការ​​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្តឲ្យ​កាន់តែ​រឹងមាំដោយ​កា​រផ្តល់​ហិរញ្ញប្បទានចំពោះ​ការសាងសង់​បណ្តាញបញ្ជូនចរន្ត ១១៥-២៣០ គីឡូវ៉ាត់ដល់ទៅ ៤ និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន ​១០ នៅ​ភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និង​តាកែវ​៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Xinhua

Loading...