Lamborghini ផលិតត្រកូល Aventador ទី ១ ម៉ឺន អបអរ​កំណត់ត្រាថ្មីរបស់ខ្លួន

28

Lamborghini បាន​អបអរចំពោះ​កំណត់ត្រា​លក់រថយន្ត​ប្រភេទ Aventador បាន​ដល់ ១០ ០០០ គ្រឿង ដោយ​​ក្នុង​មួយគ្រឿង​លក់ថ្លៃ​ជាង ៤០ ម៉ឺនដុល្លារ។

រថយន្ត​ត្រកូល Aventador បាន​ចាប់កំណើត​ក្នុង​ឆ្នាំ ២០១១ ហើយ​ទទួល​ការ​អាប់ដេតថ្មីនៅ​ឆ្នាំ ២០១៧។ Lamborghini Aventador ទី ១០ ០០០ ដែល​ក្រុមហ៊ុន​ផលិត​មានឈ្មោះ Aventador SVJ Roadster មាន​កម្លាំង​ម៉ាស៊ីន ៧៥៩ សេះ ដាក់លក់នៅ ទីផ្សារ​អាមេរិក​ក្នុង​​​តម្លៃ​ដល់ទៅ ៥៧៥ ០០០ ដុល្លារ។ រថយន្ត​មួយគ្រឿង​នេះ​ ត្រូវ​ដឹក​ទៅឲ្យ​អតិថិជន​ម្នាក់​នៅ​ថៃ ដែល​តម្លៃ​នៅទីនោះគិត​ទាំងពន្ធថ្លៃ ១,៥ លានដុល្លារឯណោះ។

Lamborghini បាន​លក់រថយន្ត​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៩ បាន​ដល់ ៨ ២០៥ គ្រឿង ដែល​កើនឡើង ៤៣ភាគរយ ដោយសារ​វត្តមានឡាន SUV ដំបូង​របស់ក្រុមហ៊ុន​ឈ្មោះ Urus ចូល​មក​ក្រឡុកទីផ្សារ​ឲ្យ​កើនឡើង តែ​យ៉ាងណាមិញការលក់បានធ្លាក់ ២២ ភាគរយ​ទៅវិញត្រឹមត្រីមាសទី ១ ឆ្នាំ ២០២០ ដោយ​សារវិបត្តិវីរុសរាតត្បាតសាកលកូវីដ ១៩៕

ប្រែសម្រួល៖ រតនា

ប្រភព៖ foxbusiness

Loading...