​តេស្ដ​៤​ដង​ទើប​ឃើញ ​បុរស​ខ្មែរ​៣​នាក់​ផ្ទុក​មេរោគ Covid-19 ​

42250

ក្រសួង​សុខាភិបាល​កម្ពុជា​​ជូន​ដំណឹង​ថា ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះ​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី ៣ ករណី​ទៀត ហើយ​ក្នុង​ថ្ងៃ​នេះ​ដែរ​ក៏​មាន​អ្នក​ជា​សះស្បើយ ២ នាក់​ទៀត​ដែរ។

ចំពោះ​អ្នក​ដែល​រក​ឃើញ​ថា​ផ្ទុកវីរុស COVID-19 ថ្មី ៣ ករណី​ថ្ងៃ​នេះ ​គឺជា​​បុរស​ជនជាតិ​ខ្មែរ​រស់​នៅ​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូង​ឃ្មុំ ដូច​គ្នា​ដែល​បាន​វិល​ពី​ប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើង​ហោះហើរ ហើយ​បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០២០។ អ្នក​ទាំង ៣ ត្រូវ​បញ្ជូន​មក​ធ្វើ​ចត្តាឡីស័ក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​ទី ០៤ ខែ សីហា ឆ្នាំ ២០២០ ហើយ​បន្ត​ធ្វើ​តេស្ត​លើក​ទី ៤ ដែល​ជា​ថ្ងៃ​ទី ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក ទើប​ទទួល​បាន​លទ្ធផល​វិជ្ជមាន។

ចំណែកអ្នក​ជា​សះស្បើយវិញ ​គឺជា​បុរស​ជនជាតិ​ខ្មែរ​ទាំង ២ នាក់ ដែលបានវិល​មកពី​ប្រទេស​រុស្សី និង​បន្ត​ជើង​ហោះហើរ​តាម​ប្រទេស​ម៉ាឡេស៊ី។ ក្រោយ​ធ្វើ​តេស្ដ​អវិជ្ជមាន COVID-19 ២ ដង​រួច​មក ​អ្នក​ទាំង​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។

សរុបអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ២៥១នាក់ (ស្ត្រី៤៩នាក់ និងបុរស ២០២នាក់) ក្នុងនោះព្យាបាលជាសះស្បើយមាន ២១៩នាក់ និងកំពុងសម្រាកព្យាបាល ៣២ នាក់។

Loading...