ខ្លាំង​មែន! អ្នកខេត្តព្រៃវែង អតីតកូនអ្នកលក់បន្លែ ឥឡូវប្រឹងរៀន ប្រឹងរកស៊ីក្លាយជាឧកញ៉ា

1540

មុននេះ​បន្តិច បុរស​វ័យ​ក្មេង​ម្នាក់ បាន​បង្ហោះ​សារ​ដ៏​វែង​មួយ រៀប​រាប់​ពី​ប្រវត្តិជីវិត​តស៊ូ ប្រឹង​រៀន ប្រឹង​រកស៊ី រហូត​ទទួល​បាន​គោរមងារ ឧកញ៉ា ពី​ព្រះ​មហាក្សត្រ កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា កន្លង​ទៅ​នេះ។

លោក​ឧកញ៉ា ផន វណ្ណិត បាន​សរសេរ​រៀប​រាប់​ថា៖ “នឹក​ឃើញ​ជីវិត​ខ្លួន​ឯង មិន​ធ្លាប់ស្រមៃ​ថា​មាន​ថ្ងៃ​នេះ​ទេ កុំ​ថា​ឡើយ គោរមងារ​ជា​ឧកញ៉ា សូម្បី​​គិត​ថា​រក​លុយ​ឱ្យ​បាន​ចាយ​គ្រប់​គ្រាន់​ក៏​ពិបាក​ដែរ។ ខ្ញុំ​ចាប់​កំណើត​ឡើង នៅ​ភូមិ​ក្រូច ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ហើយ​ចាស់​ៗ​នៅ​ទី​នោះ ប្រាកដ​ជា​ស្គាល់​ច្បាស់​ប្រវត្តិ​ម្ដាយ ឪពុក​ខ្ញុំ​យ៉ាង​ច្បាស់ គឺ​អ្នក​ម្ដាយខំ​បេះ​បន្លែ​លក់ ឯ​ឪពុក​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ផ្សេង​រក​ការងារ​ធ្វើ បែក​ប្រពន្ធ​កូន​ ជា​ទី​ស្រលាញ់ តាំង​ពី​ខ្ញុំ​នៅ​តូចៗ​មិន​ទាន់​ដឹង​ក្ដី​ម្ល៉េះ។

ខ្ញុំ​អាយុបាន ២​ឆ្នាំ ម្ដាយ​ខ្ញុំ​ក៏​ចេញ​ពី​ស្រុក​កំណើត​ ទៅ​​ខេត្ត​ស្ទឹងត្រែង ជួប​ជុំ​ជាមួយ​ឪពុក​វិញ ហើយ​សង្ឃឹម​ថា​ជីវិត​ស្រួល​ជាង​មុន​បន្តិច ប៉ុន្តែ​កាន់​តែ​យ៉ាប់​លើស​ដើម។ ក្នុង​ចំណោម​បង​ប្អូន ៤​នាក់ មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ ដែល​បាន​តស៊ូ​រៀន​សូត្រ​ជាប់​លាប់ ហើយ​​សង្ឃឹម​ថា​អាច​កែ​ប្រែ​ជីវិត​បាន។ ចំណែក​បង​ប្អូន ៣​នាក់​ទៀត មិន​បាន​រៀនខ្ពស់​ដល់​ថ្នាក់​សាកលវិទ្យាល័យទេ។

អាយុ ១៣​ឆ្នាំ ខ្ញុំបាន​បួស​ជា​សាមណេរ ហើយ​ក៏​បាន​ចាប់​ផ្ដើម​រៀន​បន្ត​នៅ​ខេត្ត​ស្ទឹង​ត្រែង ដែល​ជា​ទឹក​ដី​ម្ដាយ​ខ្ញុំ​កំពុង​ដាំ​បន្លែ ធ្វើ​ចម្ការ។ តែ​ក្រោយ​  ខ្ញុំ​ក៏​ទៅ​រៀន​នៅ​ខេត្ត​ក្រចេះ​វិញ ព្រោះ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ អត់​មាន​​សាលារៀន​ថ្នាក់​ខ្ពស់ទេ។ បែក​ពី​ម្ដាយ អារម្មណ៍​កំព្រា​ពិបាក​ថ្លែង ប៉ុន្តែ​ដាក់​ចិត្ត​ផ្ញើ​ខ្លួន​ស្វែង​រក​វិជ្ជា​នៅ​ពុទ្ធិក​អនុវិទ្យាល័យ​រហូត​ទទួល​ជោគជ័យ និង​បាន​បន្ត​មក​សិក្សា​នៅ​ពុទ្ធិកវិទ្យាល័យ​រាជធានី​ភ្នំពេញ​បន្ត​ទៀត។

ឆ្នាំ​២០០៦ ខ្ញុំ​មាន​វាសនា​ល្អ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ត​វិជ្ជា​នៅ​ប្រទេស​ឥណ្ឌា រួច​ក៏​ប្រឹង​រៀន​សូត្រ​នៅ​ទី​នោះ រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​នៅ​ឆ្នាំ​២០១១។ ជោគជ័យ​លើ​ការ​រៀន​សូត្រ​ជា​ពេល​វេលា​ដ៏​រីក​រាយ​ក្នុង​ជីវិត គិត​ថា​អាច​ជួយ​ម្ដាយ​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​ពេល​នោះ ក៏​ជា​ពេល​ដែល​ម្ដាយ​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ មាន​ជំងឺ​មក​បៀតបៀន​ពេញ​រាង​កាយ។

ត្រលប់​មកកម្ពុជា ខ្ញុំបាន​ព្យាយាម​ប្រមូល​យក​ប្រាក់​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន ជួយ​ព្យាបាល​ម្ដាយ និង​តាម​មើល​ថែ​ម្ដាយ​តាំង​ពី​ខេត្ត​ស្ទឹងត្រែង រហូត​ដល់​រាជធានី​ភ្នំពេញ។ ជា​រឿង​ដ៏​សង្វេគ​បំផុត នៅ​​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១១ ម្ដាយ​របស់​ខ្ញុំក៏​បាន​លា​ចាក​លោក ទាំងមិន​ទាន់​ស្គាល់​ភាព​ស្រណុក​សុខ​ស្រួល បាយ​ឆ្ងាញ់​ម្ដង​ណា​ឡើយ ហើយការ​ដែល​គាត់​ធ្លាក់​ខ្លួន​ឈឺ គឺ​មក​ពី​​ខំ​ប្រឹង​ធ្វើ​ការ មិន​ខ្វល់​នឹង​សុខភាព​ខ្លួន​ឯង។

នៅ​​ឆ្នាំ​២០១១ ខ្ញុំ​បាន​សឹក​វិញ ដោយ​គ្មាន​ប្រាក់ ឬ​ទ្រព្យ​សម្បត្តិ​អ្វី​ជាប់​ខ្លួន​ឡើយ គឺ​មាន​តែ​ចំណេះ​វិជ្ជា​មួយ​មុខ​គត់ ដែល​នៅ​ជាប់​ខ្លួន។ ចាប់​ផ្ដើម​ដំបូង ខ្ញុំ​បាន​បង្រៀន​នៅ​សាលា Newton Thilay និង​សាលា Apsara Language and Computer ​សន្សំ​លុយ​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង​ជិះ។ ក្រោយ​មក នៅ​ខែ​តុលា​ឆ្នាំ​២០១១ ខ្ញុំ​​ក៏​បាន​ដាក់​ពាក្យ​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ និង​បញ្ញាជាតិ ដោយ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ អាច​ទំនុក​បម្រុង​ខ្លួន​ឯង​បាន ព្រម​ទាំង​រៀប​ការ​ជាមួយនារី​ជា​ទី​ស្រលាញ់​ម្នាក់។

ជីវិត​ជា​សាស្ត្រាចារ្យ បាន​ធ្វើ​ឱ្យ​ខ្ញុំ រៀន​សូត្រ​កាន់​តែ​ច្រើន​ឡើង និង​ស្វែង​យល់​ពី​សង្គម​កម្ពុជា​កាន់​តែ​ខ្លាំង។ ខ្ញុំ​តែង​យក​បទ​ពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ជួប​ប្រទះ​មក​ចែក​រំលែក​ដល់​សិស្ស ហើយ​តែង​ដឹក​នាំ​និស្សិត ចូល​រួម​ការងារ​សង្គម​ផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​សមត្ថភាព​ និង​គុណ​តម្លៃ។

ក្រោយ​មក ​សាកលវិទ្យាល័យ​នានា បានទាក់​ទងខ្ញុំ​​បង្រៀន​ជា​បន្ត​បន្ទាប់ ហើយ​ក៏​មាន​ក្រុមហ៊ុន​ទាក់​ទង​ឱ្យ​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់ ដោយ​ទទួល​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន។ ទោះ​បែប​នេះ​ក្ដី ខ្ញុំគិត​ថា ជីវិត​មិន​អាច​នៅ​ដដែល​រហូត​ទេ គឺ​ត្រូវ​ធ្វើ​អ្វី​ដែល​ថ្មី​ជា​និច្ច ហើយ​ខ្ញុំ​​ក៏​បាន​គិត​ពី​ការ​រកស៊ី​វិញ​ម្ដង។

តាម​ពិត​ទៅ ខ្ញុំ​មាន​​ចំណាប់​អារម្មណ៍​លើ​វិស័យកសិកម្ម និង​វិស័យ​អចលនទ្រព្យ​តាំង​ពី​ឆ្នាំ​២០១១ ហើយ​ចាប់​ផ្ដើម​ទិញ​ដី​ដំបូង​នៅ​ម្ដុំ​ចោម​ចៅ ផ្លូវ​ជាតិ​លេខ៣ ដើម្បី​ទុក​ជា​ទ្រព្យ​ជាប់​ខ្លួន។ បន្ទាប់​មក​ទៀត រាល់​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​​តែង​ធ្វើ​ដំណើរ​ទៅ​ជាយ​ក្រុង ពិសេស​ម្ដុំ​តំបន់​ភ្នំ​រាប រហូត​ដល់​គ្រួសារ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​​ចេះ​តែ​ទៅ​ទីនោះ ប៉ុន្តែ​ខ្ញុំ​​​មាន​គោល​ដៅ​ច្បាស់​សម្រាប់​ខ្លួន​ឯង​រួច​ទៅ​ហើយ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ចម្ការ​ពោត ចម្ការប័រ បាន​ជាង ២០​ហិកតា ហើយ​ក៏​មាន​រីសត​ផ្ទាល់​ខ្លួន​។ ក្រោយ​មក​ ក៏​ចាប់​អារម្មណ៍​ខ្លាំង លើវិស័យ​អចលនទ្រព្យ ហើយ​អាច​បើ​កក្រុមហ៊ុនខ្លួន​ឯង នៅ​ខែ​ឧសភា ឆ្នាំ​២០១៨។

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​ប្រឹង​ជួយ​កសាង​សមិទ្ធផល​នានា និង​ធ្វើ​ការងារ​សង្គម​ជា​ច្រើន។ មាន​ប្រវត្តិ​ជា​កូន​អ្នក​ក្រ ខ្ញុំ​មិន​ដែល​ភ្លេច​កំណើត មិន​ភ្លេច​ថា​ចាប់​ផ្ដើម​ពី​ណា​ទេ។ ទោះ​បី​ពេល​នេះ ព្រះ​មហាក្សត្រ​ សព្វ​ព្រះរាជហឬទ័យ ប្រោស​ប្រទាន​គោរម​ងារ​ជា​ ឧកញ៉ា តែ​ខ្ញុំ​នៅ​តែ​ស្គាល់​កំណើត​ខ្លួន​ឯង នៅ​ខេត្ត​ព្រៃ​វែង ចាំ​រាល់​ការ​លំបាក ដែល​ធ្លាប់​ឆ្លង​កាត់៕”

Loading...