សិស្ស​បាក់ឌុបប្រហោង​ពោះ​គ្រប់គ្នា ឃើញ​ក្រសួង​ផុស​រូបរៀប​ចំ​​តុកៅអី​មាន​គម្លាត ដឹង​អីបែប​នេះសោះ

458

សិស្សានុសិស្ស​ពិសេស​សិស្ស​បាក់ឌុប នាំគ្នា​ភ័យ​ព្រួយ​រហូត​ចែករំលែក​រូប​តុកៅអី​ដែល​ក្រសួង​អប់រំ​បង្ហោះ​ឃើញ​មាន​គម្លាតៗពីគ្នា គិត​ស្មាន​តែ​ក្រសួង​ចង់ធ្វើអ្វីម្យ៉ាងដូចជាការត្រៀម​ឲ្យ​ប្រឡង​ជាដើម។

តាមពិទៅរូបតុកៅអី​ដែលក្រសួង​អប់រំបានបង្ហោះ​កាលពីរសៀលថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២០ នោះ គឺ​ជារូប​តុកៅអី​រៀបចំឡើង​នៅសាលា​អន្តរជាតិភ្នំពេញ (ISPP) និង​សាលាអន្តរជាតិ សៅប្រ៊ីដ (Southbridge International School) សម្រាប់ការ​រួម​ចំណែក​ក្នុង​យន្តការ​ការពារ​ពីការ​ឆ្លងកូវីដ ១៩ ប៉ុណ្ណោះ។ សាលាទាំងពីរ​បាន​អញ្ជើញ​ក្រសួង​មានលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា ឲ្យ​ធ្វើទស្សនកិច្ចពិនិត្យ​និង​វាយតម្លៃ​លើការ​រៀបចំ​តុកៅអីសម្រាប់សិស្ស ថា​ត្រូវ​បាន​គោលការណ៍​និង​ការ​ចង់បានរបស់ក្រសួង​ឬយ៉ាង​ណា។

យ៉ាង​ណាមិញ​រូបភាព​មួយសន្លឹក​នេះ ត្រូវ​បានចែកចាយយ៉ាងច្រើនដល់ទៅជាង ១ម៉ឺនដង រហូត​ធ្វើ​ឲ្យ​មានការយល់ច្រលំ​ថា តុកៅអីនេះ​អាច​ជា​ការរៀបចំ​ត្រៀម​ឲ្យ​សិស្ស​ប្រឡងទៅវិញ។ មកទល់ពេលនេះ ក្រសួងអប់រំយុវជននិងកីឡា​ នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទពីការអនុញ្ញាត​ឲ្យ​បើកសាលាចូលរៀន​វិញ​នៅពេលណាឲ្យ​ប្រាកដ​នៅឡើយទេ គ្រាន់តែ​បង្ហើបៗ​ថា​អាច​នឹង​នៅដំណាច់ឆ្នាំ ២០២០។

កន្លង​មកក្រសួង​ក៏បាន​ប្រកាស​ថា សម្រាប់សិស្សានុសិស្ស​សាលា​រដ្ឋ​ទាំងអស់ នឹង​ត្រូវ​ទុក​ពេល​ឲ្យ​រៀន​បំប៉ន​ប៉ុន្មាន​ខែ​មុន​ពេល​តម្រូវ​ឲ្យ​ប្រឡង​ឡើងថ្នាក់ឬ​បញ្ចប់ថ្នាក់ទី ១២ តែទន្ទឹម​នឹង​នេះប្អូនៗទាំង​អស់គប្បីចំណាយពេលរៀនខ្លួនឯង​នៅផ្ទះ​ពិសេស​រៀនតាមវីដេអូអនឡាញដែលក្រសួងចាក់ផ្សាយលើទូរទស្សន៍​និង​បណ្តាញសង្គម​ឲ្យ​បានទៀងទាត់៕

Loading...