ភ្នំពេញ​នឹង​សង់​ចំណតរថយន្ត​ទំនើប​​ក្រោម​ដី​បី​ ប្រើទឹកប្រាក់ដល់ទៅ ១៦០ លាន​ដុល្លារ

53

រដ្ឋបាល​រាជធានីភ្នំពេញ គ្រោង​នឹង​សាងសង់ចំណត​រថយន្ត​ក្រោម​ដី​​បីទីតាំង​បន្ថែម​ទៀតចំណាយ​ប្រាក់ ១៦០ លាន​ដុល្លារ នៅ​តំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦ ខណៈ​មួយ​ទីតាំង​ទៀតកំពុងស្វែង​រក​នៅ​តំបន់​ជាយក្រុង។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈឯកឧត្តម ទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment របស់ប្រទេសចិន នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ចំណតក្រោមដី ស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណត រថយន្តជាចំណុចអាទិភាពក្នុងទីក្រុងសព្វថ្ងៃ ដែលកំពុងខ្វះចំណត។

យ៉ាង​ណា​មិញលោក បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​ មុន​សម្រេច​ចិត្ត​វិនិយោគ ដើម្បី​ធានា​បាន​ថា​គម្រោង​ចំណត​ឡាន​ដែល​នឹង​ចំណាយ​ទឹកប្រាក់ ១៦០ លានដុល្លារ​នេះ ប្រព្រឹត្តិ​ទៅជោគជ័យ ដោយហេតុ​ថា​កន្លង​មក​មាន​ក្រុមហ៊ុន​ចិន​មួយចំនួន​ប្រកាស​ថា​វិនិយោគគម្រោង​ធំៗ ដែល​ក្រោយមក​ក៏ស្ងាត់ទៅវិញ៕

Loading...