

អ្នកវិទ្យាសាស្ត្រចិន បានប្រកាសនៅថ្ងៃនេះថាពួកគេរកឃើញមេរោគថ្មីកើតឡើងលើសត្វជ្រូក ដែលអាចជាមេរោគរាតត្បាតដល់មនុស្សបានថែមទៀត។
ជំងឺផ្ដាសាយជ្រូកប្រភេទថ្មីនេះមានឈ្មោះថា G4 កកើតចេញពីមេរោគ H1N1 ដែលធ្លាប់ជាមេរោគរាតត្បាតកាលពីឆ្នាំ២០០៩កន្លងទៅ។ វាជាមេរោគដែលអាចឆ្លងមកមនុស្សបាន មិនខុសពីមេរោគ H1N1 នោះទេ ប៉ុន្តែបច្ចុប្បន្ននេះស្ថិតក្រោមការឃ្លាំមើលនៅឡើយ មិនទាន់មានឆ្លងមកមនុស្សនោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្របានយកមេរោគដែលរកឃើញនៅលើសត្វជ្រូកនោះ ទៅពិនិត្យ មើលឃើញថាវាមានសមត្ថភាពអាចបម្លែងកោសិការបស់ខ្លួនបានដើម្បីរស់នៅក្នុងខ្លួនមនុស្ស។ រោគសញ្ញារបស់មេរោគនេះ គឺបណ្ដាលឱ្យមនុស្សមានអាការៈក្ដៅខ្លួន ក្អក និងកណ្ដាស់ជាដើម។ ប្រសិនបើមនុស្សមានសភាពទន់ខ្សោយ ហើយឆ្លងមេរោគនេះ វាអាចនឹងបណ្ដាលឱ្យធ្ងន់ធ្ងរបាន។