ក្រសួង​សាធារណការ ប្រជុំរកវិធីថ្មី ផ្ទេរកម្មសិទ្ធិយានយន្តមិន​ឲ្យ​ពលរដ្ឋ​ឈឺក្បាល​ដូចមុន

9220

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើលំហូរនីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលាទទួលសេវា និងបង់ពន្ធប្រថាប់ត្រា។

កិច្ច​ប្រជុំ​អន្តរក្រសួងស្តីពី «បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត» ធ្វើឡើងនៅ​​ថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយមានការចូលរួមពី នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើលំហូរនីតិវិធីក្នុងការផ្តល់ សេវាផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្តរួមគ្នា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ។

គំនិតផ្តួចផ្តើមនេះត្រូវ បានធ្វើឡើង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យបានលឿនរហ័ស ក្រោមគំនិតផ្តួចផ្តើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល៕

Loading...